អ្នកនាំពាក្យ៖ លក្ខខណ្ឌនៃការប្រើប្រាស់រថភ្លើងល្បឿនលឿនអ្នកឧកញ៉ា គិត ម៉េង បញ្ជាទិញនឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក បុត្តសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានបញ្ជាទិញក្បាលរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា ដែលគ្រោងនឹងដាក់ដំណើរការឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងការកម្មង់រថភ្លើងល្បឿនលឿនរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បម្រើឲ្យវិស័យដឹកជញ្ជូនតាមផ្លូវដេក មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវទស្សនៈឃើញថា នេះជាមោទកភាពកម្ពុជាដែលជាការវិយោគផ្ទាល់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា។

តាមដានជាមួយយើង៖ Million Times

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើបណ្តាញសង្គមហ្វេសប៊ុកបាននិយាយថា «យើងមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។

បើតាមអ្នកនាំពាក្យរូបនេះ រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿងដែលក្រុមហ៊ុនRRC បានទិញពីប្រទេសជប៉ុនជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើង។

ទំនងជាការឆ្លើយតបទៅអ្នកលេងបណ្តាញសង្គមលើកឡើងថា រថភ្លើងដែលអ្នកឧកញ៉ា គិត ម៉េង បញ្ជាទិញមានអាយុកាលច្រើនឆ្នាំហើយជារថភ្លើងដែលប្រទេសជប៉ុនដាក់ឲ្យចូលនិវត្តន៍ឈប់ដំណើរការ ហើយទិញយកមកប្រើប្រាស់នៅកម្ពុជា លោក ផន រឹម បានបញ្ជាក់ថា លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា៕

អត្ថបទ៖ ផល កុសល