តុលាការបង្កកអាខោនធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធក្រុមហ៊ុន ឡេង ចាន់ណា

សាលាដំបូងខេត្តសៀមរាប ចេញមកអះអាងថា តុលាការបាននឹងកំពុងចាត់ការ ហើយនឹងបន្តចាត់ការពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី របស់លោកស្រី ឡេង ចាន់ណា ប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

សេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និងស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធច្រើននាក់បន្តទៀត និងទ្រព្យសម្បត្តិមួយចំនួន។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមទៀតនោះ តុលាការបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សាលាដំបូងខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះដ៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឲ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋវប្បវេណីទាំងអស់តាមនីតិវិធីច្បាប់។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​កន្លងទៅ ប្រមុខរដ្ឋ​ស្តីទី សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ​បាន​​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​​បញ្ចប់គោរមងារ​ឧកញ៉ា​ ពីឧកញ៉ា ​ឡេង ចាន់ណា​។ ​ការបញ្ចប់​គោរមងារ​​ឧកញ៉ារូបនេះ ​ធ្វើឡើង​១ថ្ងៃ​បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ធ្វើការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ទាក់ទង​ទៅនឹង​ការ​ឆបោក ​ចេញ​សែក​គ្មាន​សាច់ប្រាក់ ​និង​ការ​សម្អាតប្រាក់​។

លោកស្រី ឡេង ចាន់ណា ជាអគ្គនាយិកាក្រុមហ៊ុន ​ប្រ៊ីលានស៊ីធី ​និង​អគ្គនាយករង​២នាក់​ផ្សេងទៀត ​រួមនឹង​បក្ខពួក ​ត្រូវបាន​ព្រះរាជអាជ្ញាចោទ​ពីបទ​ទី​១ ឆបោក​មាន​ស្ថានទម្ងន់ទោស ​ប្រព្រឹត្តដោយ​ក្រុម​មានការចាត់តាំង ​តាម​បញ្ញត្តិ​មានត្រា ​៣៧៧ និង​មាត្រា៣៨០ នៃ​ក្រមព្រហ្មទណ្ឌ​។ ទី២ ​គឺការចេញសែក​គ្មាន​សាច់ប្រាក់ ​និង​បទចោទ​ទី​៣​ គឺការ​សម្អាតប្រាក់​។

គួររំលឹកថា​ លោកស្រី​និង​បក្ខពួក ​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី​១២ ខែ​មីនា​កន្លងទៅ ​ពាក់ព័ន្ធនឹង​សំណុំរឿង​ព្រហ្មទណ្ឌ​កាលពីខែធ្នូ ​ឆ្នាំ២០២៣។ ​ពួកគេ​ត្រូវប្រជាពលរដ្ឋ​ចោទថា​បានបោកលុយ​ជាច្រើន​លានដុល្លារ​ពីពួកគេ ​ក្រោម​រូបភាព​ទិញដី ​ទិញផ្ទះ ​និង​ចូលរួម​វិនិយោគ​ដោយទទួលបាន​ការ​ប្រាក់ខ្ពស់​ខណៈអ្នកចូលរួម​ទាំងនោះ ​ទទួលបាន​ប្រាក់ចំណេញ​តែប៉ុន្មានខែ​ដំបូង​ប៉ុណ្ណោះ ​រួចហើយ​ក៏លែង​បានជារៀង​រហូត​៕

អត្ថបទ៖ សាង តេជៈ