បណ្ឌិត សុខ ទូច៖ កម្ពុជាត្រូវតែធ្វើព្រែកជីកហ្វូណនតេជោឱ្យបាន ទោះបីមានការរារាំងគ្រប់មធ្យោបាយពីវៀតណាម

បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវតែធ្វើព្រែកជីកហ្វូណនតេជោឱ្យបាន ទោះបីជាមានការរារាំងគ្រប់មធ្យោបាយ ពីខាងភាគីវៀតណាម បែបណាក៏ដោយ។

ការលើកឡើងរបស់លោក សុខ ទូច ធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ារបស់ប្រទេសវៀតណាម បានសរសេរវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ អ្នកស្រាវជ្រាវវៀតណាម ក៏ចោទប្រកាន់ថា គម្រោងព្រែកជីកនេះ ប៉ះពាល់ដល់បរិស្ថាន ជាពិសេសទន្លេងមេគង្គយ៉ាងធ្ងន់ធ្ងរ។

តាមដានជាមួយយើង៖ Million Times

សម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដំបូងរដ្ឋាភិបាលវៀតណាម បានបង្ហាញការព្រួយបារម្ភអំពីបរិស្ថាន ហើយភាគីកម្ពុជាក៏បានពន្យល់រួចហើយដែរ។ ប៉ុន្តែ កន្លងមកនេះ អ្វីដែលលើកឡើងដោយរដ្ឋាភិបាលវៀតណាម ដូចជាមិនផុសផុល តែក៏ស្រាប់តែចេញពីអ្នកសិក្សាស្រាវជ្រាវទៅវិញ ហើយបន្ទរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកទៅវិញ។

ដើម្បីឆ្លើយតបចំពោះ​ការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ ខែមេសានេះ លោក សុខ ទូច បានគូសបញ្ជាក់ថា ការវាយប្រហាររបស់វៀតណាមនេះ ផលប្រយោជន៍វៀតណាម មានធំជាងអាមេរិកទៅទៀត តែគេចេះឆក់ឱកាស វាយឱកាស កម្ទេចឱកាស និងពិនិត្យពិច័្ចយយកឱកាស។ វៀតណាមឆក់ឱកាស នៅពេលដឹងថា អាមេរិកបារម្ភ ៣ចំណុច ចំពោះចិន គឺបារម្ភទី១ ចិនចូលមក បារម្ភទី២ ចិនបង្កើតសក្តានុពេលសេដ្ឋកិច្ច និងបារម្ភទី៣ យុទ្ធសាស្ត្រចិនដាក់ផ្កាយរណប គេអាចទាក់ទាញយុទ្ធសាស្ត្រនៅក្នុងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យមានការគ្រប់គ្រងងាយស្រួល វៀតណាមឆក់ឱកាសភ្លាម។

លោកថ្លែងអះអាងថា «វៀតណាម ចង់យកបញ្ហាហ្នឹងទៅវាយឱ្យមានរលកនយោបាយ ហើយឱ្យពួកបញ្ចឹមប្រទេស ពួកអឺរ៉ុប ពួកអាមេរិក មិនចង់ទិញផលិតផលរបស់កម្ពុជា ដោយហ៊ុមព័ទ្ធ ព្រោះគេធ្លាប់ហ៊ុមព័ទ្ធអ្វីដែលកើតមានមកហើយ។ អីចឹង ឱកាសហ្នឹងវៀតណាមយកដើម្បីឱ្យកម្ពុជាចុះខ្សោយ ហើយគេចាប់ផ្តើមពង្រឹងសមត្ថភាពរបស់គេ ឱ្យកម្ពុជាខ្ចីច្រមុះវៀតណាមដកដដែល»។

បើនិយាយអំពីរឿងបរិស្ថានវិញ លោក សុខ ទូច បានលើកឡើងថា វៀតណាមបានធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ តែបែរជាមករិះគន់កម្ពុជារឿងព្រែកជីកហ្វូណនតេជោ ថាប៉ះពាល់បរិស្ថានទៅវិញ។ ជាមួយគ្នានេះ លោកបានប្រៀបប្រដូចករណីនេះថា រឿងបរិស្ថាន វៀតណាមកំពុងចង្អុលមកកម្ពុជា តែកុំភ្លេចថា ម្រាមដៃ៣ទៀត កំពុងចង្អុលមកខ្លួនឯង។

ពាក់ព័ន្ធឹងការចោទប្រកាន់ពីអ្នកស្រាវជ្រាវវៀតណាម សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អះអាងថា​ គម្រោងសាងសង់ព្រែកជីក​ហ្វូណនតេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនបម្រើផ្នែកយោធាបរទេសឡើយ។ សម្តេចបន្តថា គម្រោងព្រែកជីកនេះត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់ ដែលមានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ប៉ុន្មានថ្ងៃមុននេះ មានអ្នកវិភាគខ្លះគាត់ចេញមកថា ធ្វើនេះ (គម្រោងព្រែកជីកហ្វូណនតេជោ) ដើម្បីឱ្យមហាអំណាចមួយ យកនាវាចម្បាំងដាក់ប្រទេសមួយទៀត បង្កើតហានិភ័យ។ ខ្ញុំសុំប្រាប់ ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជាគ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត គ្មានភាពក្លាហាននៅក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញ ខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ ទី២ យើងមិនឱ្យប្រើប្រទេសយើងជាមូលដ្ឋានប្រឆាំងប្រទេសណាទេ កុំថាមូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏យើងមិនឱ្យនោះដែ នេះជាមូលដ្ឋានរបស់យើង»

អត្ថបទ៖ សាង តេជៈ