វិនិយោគិន ៧០ក្រុមហ៊ុនចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា បានចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

វេទិកាធុរកិច្ចនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន។

ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមផ្ដល់សន្ទរកថាគន្លឹះអំពីសក្ដានុពលកម្ពុជាសម្រាប់ការវិនិយោគ និងបើកឱកាសជូនវិនិយោគិនអាចសាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជាផងដែរ។

លោកបានថ្លែងសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម, ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, វេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម៕