កម្ពុជាបានចំណូលមកពីការនាំចេញដំឡូងមី ជិត ៥០០ លានដុល្លារ ត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២៦ នេះ ដោយមានការធ្លាក់ចុះ ១,៨៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីបានថយចុះ ៣០% បន្ទាប់ពីតម្លៃដំឡូងមីធ្លាក់ចុះកាលពីឆ្នាំ ២០២៤-២០២៥ ហើយព្រមទាំងបញ្ហាកង្វះពូជ។
បច្ចុប្បន្នតម្លៃទីផ្សារដំឡូងមីស្រស់ បានកើនឡើងវិញ និងលក់បានចន្លោះពី ៣៩០-៤៨០ រៀល ក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃដោយសារបញ្ហាតម្រូវការសាកលនឹងប្រែប្រួលតម្លៃ ៤ ទៅ ១០ ឆ្នាំម្ដង។
សម្រាប់នៅឆ្នាំ ២០២៦ ខាងមុខ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់រហូតដល់ជាង ៦០០ រៀលក្នុងមួយគីឡូក្រាម។ ទីផ្សារដំឡូងមីរបស់ប្រទេសកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៦ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ដោយនេះធ្លាក់ចុះ ១៤,៤៨% ធៀបទៅនឹងឆ្នាំ ២០២៤។ តែបរិមាណនាំចេញដំឡូងមីស្រស់មាន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមាន ១ ៥៦៥ ៩៤០ តោន៕
អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត




