កាលពីថ្ងៃទី២២ ខែមេសា នាយករដ្ឋមន្ត្រីចិន Li Qiang បានសរសេរសំបុត្រមួយច្បាប់ និងបានផ្ញើទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដើម្បីសុំការសហការជាធ្លុងមួយ ប្រយុទ្ធប្រឆាំងជាមួយវិធានការទារពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo។


សំបុត្រមួយច្បាប់នេះត្រូវបានផ្ញើតាមរយៈស្ថានទូតចិននៅជប៉ុន និងសង្កត់ធ្ងន់អំពីតម្រូវការនៃការប្រយុទ្ធប្រឆាំង នឹងការការពារនិយម។
គួរជម្រាបដែរថា មិនខុសពីចិនឡើយ ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក ក៏រងនូវផលប៉ះពាល់ខ្លាំង ពីផែនការទារពន្ធគយសងសឹករបស់ប្រធានាធិបតី Donald Trump ផងដែរ ខណៈបច្ចុប្បន្នទីក្រុងតូក្យូកំពុងព្យាយាមចរចាជាមួយទីក្រុងវ៉ាស៊ីងតោន ជុំវិញបញ្ហាមួយនេះ។

រំលឹកបន្តិចថា ប៉ុន្មានឆ្នាំចុងក្រោយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងជប៉ុន កំពុងមានភាពល្អក់កករ ដោយសារជម្លោះដែនដី និងភាពតានតឹងនៃពាណិជ្ជកម្ម ប៉ុន្តែបើសិនជាអាមេរិកនៅតែបន្តដាក់គំនាបលើមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំង២ ថាមិនត្រូវបងធំសេដ្ឋកិច្ចប្រចាំទ្វីបអាស៊ីទាំង២ អាចនឹងរួមដៃគ្នាដោះស្រាយបញ្ហាចំពោះមុខ ដោយទម្លាក់ចោលបញ្ហាផ្ទាល់ខ្លួនសិនក៏ថាបាន៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg