នាយករដ្ឋមន្រ្តីអះអាងថា មិនចាំបាច់ហាមមិនឱ្យនាំចូលឡានជជុះ ដើម្បីបង្ខំពលរដ្ឋឱ្យទិញឡានថ្មីនោះទេ

ថ្លែងចេញពីស្រុកគគរ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសានេះ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការនាំចូលរថយន្តជជុះ (រថយន្តមួយទឹក) ឡើយ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្តថ្មី។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺត្រូវធ្វើឡើងតាមរយៈការលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជម្រើសរថយន្តថ្មីដែលមានតម្លៃសមរម្យ និងគុណភាពល្អដល់ប្រជាពលរដ្ឋ។

សម្តេចមានប្រសាសន៍៖ថា «ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំចូលឡានជជុះចូលនោះទេ ដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនោះទេ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ។ ចឹងដើម្បីឱ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថាន គឺត្រូវបង្កើតជម្រើសតាមទីផ្សារសេរីឱ្យគាត់ ត្រូវបង្កើតជម្រើសឡានថ្មី មានតម្លៃសមរម្យ គុណភាពល្អ ឱ្យប្រជាពលរដ្ឋយើងទិញ»។

សម្តេចបានគូសបញ្ជាក់ថា ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានហាមឃាត់ការនាំចូលរថយន្តមួយទឹក កម្ពុជាវិញបានជ្រើសរើសយកវិធីសាស្រ្តផ្សេង ដោយផ្តោតលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដែលនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាព។
ការលើកឡើងនេះឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគិតគូរពីផលប្រយោជន៍ និងជម្រើសរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរថយន្ត ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី