សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនមែនក្លាយទៅជាកូនជឹងចិននោះទេ គឺយើងអភិវឌ្ឍន៍រួមគ្នា

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានាធិបតីចិន មកកម្ពុជា បានបំភ្លឺចំពោះការចោទប្រកាន់ដែលថា ចិនលែងមានទំនាក់ទំនងជាមួយកម្ពុជា និងថាចិនមិនដែលប្រកាសគាំទ្រព្រែកជីកហ្វូណនតេជោ។ ការចេញមកបញ្ជាក់យ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែមេសានេះ។

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

សម្តេចបញ្ជាក់ថា តាមគោលការណ៍អធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក គោរពឯករាជ្យភាព មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ នេះជាគោលការណ៍ដែលយើងបានធ្វើ មិនមែនកម្ពុជាក្លាយទៅជាកូនជឹងនោះទេ គឺយើងអភិវឌ្ឍន៍រួមគ្នា។ សម្តេចបញ្ជាក់បន្ថែមថា នេះគឺជាសារធំណាស់ដែលបានឆ្លើយតបតយ៉ាងច្បាស់ចំពោះការ ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដែលថាចិនលែងមានទំនាក់ទំនងជាមួយកម្ពុជានោះ។

ចំពោះការចោទប្រកាន់ដែលថា រដ្ឋាភិបាលចិនមិនដែលប្រកាសគាំទ្រព្រែកជីកហ្វូណនតេជោនោះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា សម្តេចបានទៅជួប ប្រធានាធិបតី Xi Jinping ។ ស្ថានទូតចិនបានចេញសារថាយើងនៅបន្តសហការគ្នាកសាង។ ការប្រកាសជាផ្លូវការគ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះ។ ពោលគឺពីមុនមកជំហរមិនដែលប្រែប្រួលនោះទេ។ 

សម្តេច ហ៊ុន ម៉ាណែត បានប្រកាសថា ព្រែកជីកហ្វូណនតេជោ នៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះ គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី