កិច្ចព្រមព្រៀង និងកិច្ចសន្យា ៥ច្បាប់នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខាផ្លូវការ

តំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងក្រុមហ៊ុនសំណង់គមនាគមន៍ចិន CCCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះ រួមមាន៖  (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

CDC បញ្ជាក់ថា អនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” ក៏ដូចជាក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ហើយត្រូវបានរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

CDC បន្ថែមថា គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC