បុរសខ្លាំងរដ្ឋចិន លោក Xi Jinping កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ហើយលោកបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញតាមរយៈយន្តហោះពិសេសរបស់ប្រធានាធិបតីចិន។


សារព័ត៌មាន NST បានស្រាវជ្រាវ និងបង្ហាញថា យន្តហោះពិសេសរបស់ប្រធានាធិបតីចិន មានរហស្សនាមថា «ព្រះនាងនៃមេឃា» ដែលត្រូវបានកែច្នៃឡើងយ៉ាងពិសេស ពីយន្តហោះប្រភេទ Boeing 747-8 ដើម្បីទុកជូនប្រមុខរដ្ឋចិនប្រើប្រាស់ផ្ដាច់មុខ។
ជាធម្មតាយន្តហោះ Boeing 747-8 ថ្មីមានតម្លៃប្រហែល ៤១៨លានដុល្លារ ប៉ុន្តែការបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត និងរចនាផ្នែកខាងក្នុងបន្ថែម ត្រូវការចាយលុយជាច្រើនពីលើថែមទៀត។

តួយ៉ាងយន្តហោះប្រធានាធិបតីចិន ត្រូវបានកែច្នៃសម្រាប់ការហោះហើររយៈពេលវែង ធានាសុវត្ថិភាពខ្ពស់ ផ្នែកខាងក្នុងមានភាពធំទូលាយ និងបំពាក់មកនូវបច្ចេកវិទ្យាទំនាក់ទំនងទំនើបផុតលេខ ដែលអាចឲ្យអ្នកនៅលើយន្តហោះ អាចប្រាស្រ័យទាក់ទង ជាមួយមនុស្សនៅលើដីបានធម្មតា។ ដូច្នេះហើយតម្លៃនៃយន្តហោះរហស្សនាម «ព្រះនាងនៃមេឃា» មួយនេះ មានតម្លៃយ៉ាងហោចណាស់ ៥០០លានដុល្លារឯណោះ។
គួរជម្រាបដែរថា យន្តហោះ Boeing 747-8 មានលេខកូដសម្គាល់ B-2479 គឺត្រូវបានយកមកធ្វើជាមធ្យោបាយធ្វើដំណើរការទូតផ្ដាច់មុខ សម្រាប់ប្រធានាធិបតីចិន រយៈពេលជិត ១០ឆ្នាំមកហើយ៕
អត្ថបទ៖ Luffy រូបភាព៖ CGTN