ពិធីបុណ្យចូលខ្មែរ ៣ថ្ងៃ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនជាង ២៣លាននាក់

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។

របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថាក្នុងរយៈពេល០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥  រួមមាន៖

− រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់

− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់

− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់

− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់

− ខេត្តបាត់ដំបង  ១.៧៤១.៧៩៥ នាក់

តាមដានជាមួយយើង៖ Million Times

ក្រសួងបានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងទេសចរណ៍