ស្របពេលនឹងដំណើរទស្សនកិច្ចមេដឹកនាំចិនលោក Xi Jinping នៅកម្ពុជា នៅថ្ងៃស្អែក ទី១៧ ខែមេសា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងមានកម្មវិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋនិងឯកជនសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ចិន – CRBC (China Road and Bridge Cooperation)។
លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះជាជំហ៊ានវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ដើម្បីឈានដល់ការចាប់ដំណើរការសាងសង់ទ្រង់ទ្រាយធំ នាពេលខាងមុខដ៏ខ្លី។


គួររំលឹកថា កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តាមរយៈការចុះហត្ថលេខានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC សិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។

គម្រោង”ព្រែកជីកហ្វូណនតេជោ” ត្រូវបានចូលបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
គម្រោងនេះ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ