ព្រលានយន្តហោះតារាសាគរ ចាប់ផ្ដើមហោះហើរក្នុងស្រុកលើកដំបូងជាមួយកញ្ចប់ទេសចរនៅតំបន់កោះ

អាកាសយានដ្ឋានតារាសាគរ ចាប់ផ្ដើមហោះហើរជាលើកដំបូងក្នុងស្រុកនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ជំរុញកំណើននៃចរន្ដសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការហោះហើរលើកដំបូងនេះគឺជាការផ្តួចផ្តើមរបស់ក្រុមហ៊ុនព្រលានយន្តហោះតារាសាគរ ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាអ្នករៀបចំការហោះហើរជារៀងរាល់ថ្ងៃសុក្រ ដើម្បីលើកតម្កើនធ្វើឲ្យប្រសើរឡើងនៃការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

លោកបន្ដថា ដើម្បីបង្កើនទេសចរ ជំរុញចរន្ដសេដ្ឋកិច្ច ក្រុមហ៊ុនបានច្របាច់បញ្ជូលគ្នា ដោយមានការរៀបចំជាកញ្ចប់ ដំណើរកំសាន្ដទេសចរណ៍ ដោយមានដំណើរកំសាន្ដទៅតំបន់ផ្សេងៗក្នុងកញ្ចប់នោះ។ លោកថា នេះជាការចាប់ផ្ដើមថ្មី ដែលផ្ដល់បទពិសោធន៍ថ្មី ដល់សាធារណជនដែលចង់មានបទពិសោធន៍ ក្នុងការធ្វើដំណើរតាមយន្ដហោះទៅកាន់តំបន់តារាសាគរ ចំពោះតម្លៃនៃសំបុត្រ គឺមានភាពសមល្មមអាចទទួលយកបាន ព្រោះនេះជាការចាប់ផ្ដើមដោយជំរុញធ្វើយ៉ាងណា ឲ្យមានអ្នកធ្វើដំណើរទៅកាន់ទីនោះឲ្យបានច្រើន។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការចេញដំណើរយន្ដហោះនឹងចេញពីទីក្រុងភ្នំពេញនៅក្នុងពេលម៉ោង៣៖២០នាទីរសៀល ទៅដល់តារាសាគរម៉ោង៣៖៥០នាទី ដោយហោះមួយជើងក្នុងមួយសប្ដាហ៍។ ចំពោះការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក នឹងមានការជួយសម្រួលដោយក្រុមហ៊ុនវីរៈប៊ុនថាំង តាមរយៈកប៉ាល និងឡានក្រុង ដើម្បីបន្ថែមភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលទៅដល់តារាសាគរហើយ បន្ដដំណើរទៅកាន់កន្លែងផ្សេងៗទៀត៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម