ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរខាងមុខនេះ ឲ្យមានភាពកាន់តែអ៊ូអរ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនថែមទៀត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ។


នៅក្នុងការជូនដំណើរនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្ត ចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដោយ ឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងកំឡុងពេលបំពេញភារកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈយុវជនស្ម័គ្រចិត្ត ឯកឧត្តមប្រធានស.ស.យ.ក ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានអនុញ្ញាតឱ្យប្អូនៗបានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ ហើយសម្រាប់ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏បានរៀបចំឡើងវិញ គឺអនុវត្តតាមបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
អត្ថបទ៖ មោលី ៖ រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា