ក្រុមហ៊ុន Apple ខាតលុយ ៦៤០ពាន់លានដុល្លារ ដោយសារបញ្ហាពន្ធគយអាមេរិក

ការទារពន្ធគយដ៏ខ្លាំងក្លារបស់ប្រធានាធិបតី Donald Trump បានធ្វើឲ្យទីផ្សារហ៊ុនអាមេរិក ជួបប្រទះការខូចខាតជាខ្លាំង ហើយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple ក៏រងឥទ្ធិពលមិនតិចផងដែរ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍ថា រយៈពេល ៣ថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Apple បានបាត់បង់មូលធនទីផ្សាររហូតដល់ជិត ២០% ឬប្រហែល ៦៤០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបន្តស្រុតចុះ ដោយសារបញ្ហាពន្ធគយ។

ក្នុងចំណោមក្រុមហ៊ុនយក្សទាំង៧ នៅអាមេរិក Apple រងការប៉ះពាល់ខ្លាំងបំផុត ក្រោយលោក Trump ដាក់ចេញនូវវិធានការទារពន្ធដ៏សម្បើមបែបនេះ ដោយសារពួកគេមានរោងចក្រផលិតទូរស័ព្ទ iPhone និងទីផ្សារយ៉ាងធំនៅចិន ហើយបច្ចុប្បន្នអាមេរិកបានបង្កើនការទារពន្ធពីចិន រហូតដល់ ១០៤% ដែលធ្វើឲ្យការរកស៊ីរបស់ Apple ត្រូវជួបផលលំបាកជាខ្លាំង៕

អត្ថបទ៖ Luffy រូបភាព៖ kahoon international