សភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីរាត្រីបណ្តាញសមាជិកមកពីវិស័យផ្សេងៗ ដើម្បីលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក ក្នុងគោលបំណងឲ្យសមាជិក-សមាជិកាមកពីវិស័យផ្សេងៗ មានឱកាសបង្កើតការតភ្ជាប់បណ្តាញអាជីវកម្ម ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការគ្នា ដើម្បីលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ 

កម្មវិធីរាត្រីបណ្តាញសមាជិក “Members Networking Night” នេះធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួន ១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋាន Cambodia Mastercraft Microbrewery ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី ២ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ 

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រាត្រីនេះ គឺរៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗ នៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់ បណ្តាញអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗ ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា សំដៅជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

ឧកញ៉ា បានបន្ថែមទៀតថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតបរិយាកាស ដ៏កក់ក្តៅនិងទាក់ទាញដល់សមាជិក-សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយ ដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។ ឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងពង្រឹងទំនាក់ទំនង នៅក្នុងសហគមន៍ ធុរកិច្ចរបស់យើង ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការ ចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេស ក្នុងន័យជម្រុញ បរិយាកាស ការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែកឆ្ពោះទៅរក កំណើន និងភាពធន់នៃសេដ្ឋកិច្ច។ 

ឧកញ៉ា លឹម តុង បានសង្កត់ធ្ងន់ថា ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្ម ដែលដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង កម្មវិធីនេះត្រូវបានរៀបចំដើម្បីផ្តល់ឩកាសដល់អ្នកចូលរួមចែករំលែកចំណេះដឹង ស្វែងរកការណែនាំ ឬពង្រីកបណ្តាញវិជ្ជាជីវៈនានា។ ម្យ៉ាងទៀត កម្មវិធីនេះធ្វើឡើងតាមការសន្យាចំពោះសមាជិក-សមាជិកា ដើម្បីបង្កើតភាពទាក់ទាញដល់ពាណិជ្ជករមកពីវិស័យនានា និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីៗ និងបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូរយូរអង្វែង។ 

លើសពីនោះទៅទៀត ឧកញ៉ា បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍ អោយបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមាន ប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួម ចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។ 

សភាពាណិជ្ជកម្មកម្ពុជា គឺជាសភាពាណិជ្ជកម្មថ្នាក់ជាតិតែមួយគត់និងដំបូងបង្អស់ ជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក សម្រាប់ការអភិវឌ្ឍក្នុងវិស័យឯកជន។ ភារកិច្ចសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល និងផ្តល់យោបល់ស្តីពីព័ត៌មានសេដ្ឋកិច្ច និងវិនិយោគ។ 

ជានិច្ចកាល សភាពាណិជ្ជកម្មកម្ពុជា តែងតែបង្កើត និង ជំរុញបរិយាកាសធុរកិច្ចដែលលើកស្ទួយកំណើនធុរកិច្ចនៅកម្ពុជា រួមមានការសម្របសម្រួលការចាប់ដៃរគូ កិច្ចការងារផ្គូរផ្គងអាជីវកម្មមួយទល់មួល ដើម្បីសំដៅជំរុញបណ្តាញ ឱកាសបង្កើតទំនាក់ទំនង និងឱកាសវិនិយោគក៏ដូចជាការស្វែងរកដៃគូសហការជាតិ និងអន្តរជាតិ។ 

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជម្រុញគោលនយោបាយលើកស្ទួយវិស័យឯកជន បង្កើនចំណងមិត្តភាពពាណិជ្ជកម្មនានា ក៏ដូចជាការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសផងដែរ៕