ជាង ២៧ព្រះវស្សាបម្រើព្រះពុទ្ធសាសនា ទីបំផុតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទហើយ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវត្តប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ។
ដំណឹងនៃការលាចាកសិក្ខាបទរបស់ភិក្ខុ ជួន កក្កដា បានធ្វើឲ្យពុទ្ធបរិស័ទធ្លាប់ស្តាប់ព្រះធម៌ទេសនារបស់ព្រះអង្គមានការសោកស្តាយអាឡោះអាល័យជាពន់ពេក។ ជាមួយគ្នានេះ ស្រ្តីទី១កម្ពុជា បានរំលឹកពីគុណសម្បត្តិរបស់ភិក្ខុ ជួន កក្កដា ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ។


លោកជំស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនបានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ នៅតែជួយដល់ព្រះពុទ្ធសាសនា ជួយដល់សង្គម ជាពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។
លោកស្រីសរសេរថា៖ «បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជាពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនឲ្យមានសំណាងល្អក្នុងភាពជាគ្រហស្ថ»។


ឃ្លីបវីដេអូប្រមាណ ១២នាទី ពន្យល់ទៅកាន់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ ដែលតែងតែគោរពប្រតិបត្តិ និងចូលចិត្តស្ដាប់ធម៌វិន័យរបស់ព្រះអង្គបង្ហោះលើបណ្តាញសង្គម ព្រះតេជគុណ ជួន កក្កដា បានបញ្ជាក់ពីហេតុផលតែមួយគត់ដែលធ្វើឲ្យសម្រេចសឹកមកជាគ្រហស្ថ ក្រោមហេតុផល «អស់បុណ្យជាព្រះសង្ឃ»។
សូមជម្រាបជូនថា ជាង២៧ព្រះវស្សា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះតេជគុណ ជួន កក្កដា ក៏មានភារកិច្ចជាព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ជានាយកសាលាពុទ្ធិកនាងខ្មៅ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកឧកញ៉ា ម៉ុង ឬទ្ធី