ម្ចាស់បុរី The Flora រៀបចំខួបកំណើតលក្ខណៈសាមញ្ញៗ កក់ក្ដៅ ហើយភ្ញៀវសុទ្ធតែពិសេសៗ

ម្ចាស់​បុរី The Flora និង​ជា​ម្ចាស់​ក្រុមហ៊ុន Harmony Auto នាំ​ចូល​ផ្ដាច់មុខ ហើយទទួល​បាន​សិទ្ធិ​ចែកចាយ​រថយន្ត BYD និង Denza មក​ក្នុង​ប្រទេស​កម្ពុជា​គឺ​ឧកញ៉ា លឹម កុកឡុង។

តាមដានជាមួយយើង៖ Million Times

កាលពី​សប្ដាហ៍​មុន ​ឧកញ៉ា លឹម កុកឡុង បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​យ៉ាង​សាមញ្ញ​ៗ​នៅ​ក្នុង​ភូមិគ្រឹះ ដោយ​មាន​ភ្ញៀវ​អញ្ជើញ​ចូលរួម​មិន​ជា​ច្រើន​ឡើយ ហើយ​សុទ្ធតែ​មនុស្ស​ស្និទ្ធស្នាល​គ្នា​ក្នុង​មុខ​ជំនួញ មានទាំងជនជាតិខ្មែរ និងជនបរទេស។

ឧកញ៉ា លឹម កុកឡុង និង​ភរិយា​លោកស្រី​ តាំង សុខគីម អគ្គនាយក និង​អគ្គ​នាយិកា​រង​នៃ​ក្រុមហ៊ុន ឌឹ ផ្លរ៉ា បាន​ឈរ​ញញឹមញញែម​ទទួល​ភ្ញៀវ​កិត្តិយស ដែល​បាន​មក​ចូលរួម​ជូន​ពរ ព្រម​ទាំង​បាច់​ផ្កា និង​កាដូ​ផ្សេង​ៗ អបអរ​ក្នុង​ថ្ងៃ​ខួប​កំណើត។

ម្ចាស់​បុរី The Flora បាន​ថ្លែង​អំណរគុណ​មិត្តភ័ក្ដិ ដែល​មក​ចូលរួម​ថ្ងៃ​ពិសេស​យ៉ាង​អស់​ពី​ចិត្ត​ថា “អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​បង្កើត​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​បែបនេះ​នៅ​ថ្ងៃ​ខួប​កំណើត របស់​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ​ជា​ខ្លាំង​ដែល​មាន​អ្នក​រាល់​គ្នា​ក្នុង​ជីវិត​របស់​ខ្ញុំ​”។

ទាំង​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​ដែល​មក​ចូលរួម​ ទោះ​ជា​ស្លៀកពាក់​បែប​ធម្មតា ប៉ុន្តែ​ម្នាក់ៗ​សុទ្ធសឹងជ្រើស​ម៉ូដសម្លៀកបំពាក់​ជា​ប្រេនដូចជា Dior,Gucci និង Louis Vuitton ជាដើម។

គួរ​បញ្ជាក់​ថា អាជីវកម្ម​អចលនទ្រព្យ​ផ្ទះ និង​ខុនដូ The Flora របស់​ឧកញ៉ា លឹម កុកឡុង បាន​ដំណើរការ​ជាច្រើន​ឆ្នាំ​ហើយ និង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ផង​ដែរ។ ចំណែក​ក្រុមហ៊ុន​ក្រុមហ៊ុន Harmony Auto របស់​ឧកញ៉ា ទើប​ដំណើរការ​ជាង ១ ឆ្នាំ​មក​ណេះ ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ផង​ដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ LK Loong