លោក Jonathan Reynolds រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងធុរកិច្ចនៃចក្រភពអង់គ្លេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីងតោននៅថ្ងៃអង្គារ ទី១៨ ខែមីនា ដើម្បីជជែកពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ ចំពេលប្រធានាធិបតី Donald Trump បន្តដាក់គំនាបពន្ធគយលើសម្ព័ន្ធមិត្តយូរឆ្នាំជាច្រើន។


សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Reynolds នឹងត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម Jamieson Greer ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជាបញ្ហាពន្ធគយផងដែរ។
រដ្ឋាភិបាលអង់គ្លេសបានបង្ហាញការខកចិត្តជាខ្លាំង ជាមួយរដ្ឋបាលលោក Trump ជុំវិញការបន្ថែមពន្ធគយ លើការនាំចូលលោហធាតុ ប៉ុន្តែទីក្រុងឡុងដ៍បានប្រកាន់ជំហរ ត្រៀមចរចាជាមួយអាមេរិក ដោយមិនមានផែនការទារពន្ធសងសឹកដូចបណ្ដាប្រទេសអឺរ៉ុបឡើយ បើទោះជាកន្លងមកទីក្រុងវ៉ាស៊ីងតោនបញ្ជាក់ច្បាស់ៗថា នឹងគ្មានករណីលើកលែងពន្ធគយចំពោះប្រទេសណាទាំងអស់។
គួរជម្រាបដែរថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់អាមេរិកបន្ទាប់ពីប្រទេសកាណាដា ម៉ិកស៊ិក ចិន និងអាល្លឺម៉ង់ ដោយកាលពីឆ្នាំ២០២៣ ពួកគេសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ៣១៧ពាន់លានដុល្លារ ខណៈអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់អតីតសមាជិកសហភាពអឺរ៉ុបមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Politicshome