សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសនៅមុនបន្តិចពីសមាសភាពថ្មីនៃសមាជិកសភាពាណិជ្ជកម្មកម្ពុជា នោះគឺអ្នកឧកញ៉ា តាំង វួចឡាយ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ភីធីស៊ី។


អ្នកឧកញ៉ា តាំង វួចឡាយ គឺជាភរិយាអ្នកឧកញ៉ា អ៊ឹង សែ ប្រធានក្រុមហ៊ុន PTC ហើយគូស្វាមីភរិយាដែលមានគោរមងារ «អ្នកឧកញ៉ា» ទាំងទ្វេនេះ បានពួតដៃគ្នាកសាងអាណាចក្របច្ចេកវិទ្យាដ៏ធំសម្បើមប្រចាំប្រទេស។ ក្នុងនោះដែរសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានអ្នកឧកញ៉ា តាំង វួចឡាយ ក្លាយជាសមាសភាពថ្មីនៃស្ថាប័នមួយនេះ។
សហស្ថាបនិកក្រុមហ៊ុន PTC រូបនេះគឺជាស្ត្រីវ័យក្មេងដ៏កម្រ ដែលមានសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ហើយអាចឈរជើងក្នុងពិភពជំនួញនៅកម្ពុជាជាង ២០ ឆ្នាំមកនេះ។ អ្នកឧកញ៉ា តាំង វួចឡាយ បានចូលរួមក្នុងវិស័យច្ចេកវិទ្យា និងព័ត៌មានវិទ្យានៅកម្ពុជា ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា និងព័ត៌មានវិទ្យាដើរតួនាទីសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ក្រុមហ៊ុនធំៗ។
គួរបញ្ជាក់ថា អ្នកឧកញ៉ា តាំង វួចឡាយ និងអ្នកឧកញ៉ា អ៊ឹង សែ ត្រូវបានបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអ្នកឧកញ៉ា កាលពីអំឡុងខែសីហា ឆ្នាំ ២០២៣ ទាំងពីរនាក់ប្ដីប្រពន្ធ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា និង Ung Se