ក្រុមសិល្បករ ៥ប្រទេសមកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប

ក្រុមសិល្បករ សិល្បការិនី ៥ប្រទេសរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ចិន ហ្វីលីពីន និងឥណ្ឌា បានចូលរួមព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិនៅអង្គរនាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងសំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងប្រទេសកម្ពុជា។

លោកបានបន្តថា ការសម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ បានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមានរបាំកូរសមុទ្រទឹកដោះ នឹកស្រុក របាំក្រមាខ្មែរ របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និង ចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍ ។ ក្នុងការសម្តែង និង ការប្រគុំតន្រ្តី មានការចូលរួមដោយសិល្បករសិល្បការិនីពីសហភាពអឺរ៉ុប និងកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និត ក្នុងគ្រប់វិស័យ រួមទាំងសិល្បៈវប្បធម៌ផងដែរ ។ 

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ និង ធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការ ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព! ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! ។

លោកគូសបញ្ជាក់ថា «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖រដ្ឋបាលខេត្តសៀមរាប