វិទ្យុ VOA វិទ្យុអាស៊ីសេរី RFA វិទ្យុអ៉ឺរ៉ុបសេរី រួមបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ាដទៃទៀត នឹងត្រូវបិទទ្វារបន្ទាប់ពីប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីកាត់ផ្តាច់ទីភ្នាក់ងារមេរបស់ VOA។
លោក Michael Abramowitz នាយក Voice of America VOA បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា លោកត្រូវបានគេដាក់ឱ្យឈប់សម្រាករួមជាមួយបុគ្គលិកចំនួន ១,៣០០នាក់។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Donald Trump ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីកាត់ផ្តាច់ទីភ្នាក់ងារមេរបស់ VOA។


ស្ថានីយ៍វិទ្យុជាភាសាក្នុងស្រុកមួយចំនួនរបស់ VOA បានបញ្ឈប់ការផ្សាយព័ត៌មាន និងប្តូរទៅតន្ត្រីដើម្បីចាក់ផ្សាយពេញម៉ោង។ និពន្ធនាយកនៅ VOA មួយចំនួនក៏ត្រូវបានបញ្ជាឱ្យឈប់ធ្វើការ ដូច្នេះបុគ្គលិករំពឹងថាការផ្សាយព័ត៌មានទូទាំងពិភពលោកនឹងឈប់ដំណើរការ។ នេះបើយោងតាមប្រភពព័ត៌មានដែល CNN ទទួលបាន។
អ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់ម្នាក់បាននិយាយថា៖ «សំឡេងអាមេរិកត្រូវបានស្ងាត់សម្រាប់ពេលនេះ»។
Voice of America គឺជាផ្នែកមួយនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលមានបណ្តាញធំៗដូចជា វិទ្យុអឺរ៉ុបសេរី វិទ្យុអាស៊ីសេរី និងបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP