ជោគជ័យហើយដំឡូមីស្ងួត ៥ពាន់តោនកម្ពុជានាំដល់ចិន ហើយត្រៀមបន្ថែម ២០ម៉ឺនតោន

ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន ហើយនឹងត្រៀមនាំចេញចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន។

តាមដានជាមួយយើង៖ Million Times

ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។

ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មី ហើយបើតាមការប៉ាន់ប្រមាណ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចន្លោះពី៧០ទៅ៩០ម៉ឺនហិកតា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម