ត្រឹមដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបឈ្មោះរូបវន្តបុគ្គលមានគោរមងារឧកញ៉ាចំនួន ១៤០រូប

ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីបញ្ជីគោរមងារឧកញ៉ា ខណៈរូបវន្តបុគ្គលមួយចំនួនប្រព្រឹត្តខុសនឹងច្បាប់រដ្ឋដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ និងតម្លៃគោរមងារឧកញ៉ា។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា តាមទិន្នន័យដែលយើងមានពីឆ្នាំ១៩៩៥ មានឧកញ៉ា ១៩៤៧រូប ក្នុងនោះយើងបានលុបចេញ ១៤០រូប ដោយ ១២៦រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចធ្វើឡើងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃសុក្រ ខែមីនានេះ។

តាមដានជាមួយយើង៖ Million Times

សម្តេចមានប្រសាសន៍ថា៖ «ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ»។

ទន្ទឹមគ្នានេះ ដើម្បីកុំឱ្យមានបញ្ហា សម្តេចនាយករដ្ឋមន្រ្តីបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា ទោះបីជាឧកញ៉ានោះ មិនមែនសមាជិករបស់សមាគមឧកញ៉ាក៏ដោយ។ សម្តេចមានប្រសាសន៍៖ «ការចូលជាសមាគមឧកញ៉ាគឺជាការស្ម័គ្រចិត្ត ហើយចូលជាឧកញ៉ាក៏ជាស្ម័គ្រចិត្ត អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺអាចស្នើសុំគោរមងារ ប៉ុន្តែត្រូវមានការវាយតម្លៃ»។ សម្តេចបន្តថា កិច្ចការទាំងអស់នេះ គឺធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគាបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នា ថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នាក្នុងនាមជាជាតិមួយវិស័យឯកជន និងរដ្ឋ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី