តាមរយៈការស្នើសុំពីទីស្តីការគណៈរដ្ឋមន្រ្តី និងសមាគមឧកញ៉ាកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានឯកភាពឲ្យធ្វើបច្ចុប្បន្នភាពរៀបចំបញ្ជីឡើងវិញលើរូបវន្តបុគ្គលមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ការពិនិត្យរៀបចំបញ្ជីឡើងវិញ ចំពោះគោរមវន្តឧកញ៉ា បុគ្គលដែលមានគោរមងារជាឧកញ៉ា ដោយសារតែកន្លងមកមានបុគ្គលដែលមានងារជាឧកញ៉ាមួយចំនួនបានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងបុគ្គលខ្លះបានស្ម័គ្រចិត្តលាលែងតំណែងជាឧកញ៉ាជាដើម។


សម្តេចបានថ្លែងថា «ការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា មិនមែនជាការកៀបសង្កត់នោះទេ តែជាការរួមគ្នារក្សារបៀបរបប និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា»។
ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បង្ហាញហេតុផលដែលត្រូវបញ្ចប់គោរមងារឧកញ៉ាវិញ រួមមាន៖ គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ គោរមវន្តត្រូវបានរកឃើញថា បានប្រព្រឹត្តល្មើសនឹងមាត្រា១៧ នៃព្រះរាជក្រឹត្យនេះ។ គោរមវន្តត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់ខ្លួន មានការក្លែងបន្លំ។
ព្រះរាជក្រឹត្យខាងលើ ក៏បានណែនាំឲ្យមន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួលបានគោរមងារឧកញ៉ា មុនព្រះរាជក្រឹត្យនេះ ចូលជាធរមាន ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ា ឬលាឈប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយោធិន បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន។
បើតាមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគម មានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប) ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។
លោកអ្នកឧកញ៉ាបានគូសបញ្ជាក់ថា សមាគមបានចូលរួមផ្តល់ធាតុចូលទៅលើច្បាប់ និងបទដ្ឋានគតិយុត្តនានាជាច្រើន។ ក្រៅពីនេះ សមាគមបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនសមាជិក សមាជិកា បានជាច្រើនករណី ជាពិសេសការផ្សព្វផ្សាយចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូនដំណឹងនានា ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមវន្ត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី