ក្រុមហ៊ុន Wistron NeWeb Corporation ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈសម្រាប់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានប្រកាសថា នឹងចាយលុយបន្ថែម ៣០លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងប្រទេសវៀតណាម។
សារព័ត៌មាន VNExpress បានចុះផ្សាយថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់ គឺមានរយៈពេលវែង និងបែងចែកជាច្រើនដំណាក់កាល ដើម្បីអាចសម្រេចមហិច្ឆតាពង្រីកអាជីវកម្មនៅប្រទេសវៀតណាមបាន។


កញ្ចប់វិនិយោគរបស់ក្រុមហ៊ុន NeWeb នឹងត្រូវប្រមែប្រមូលតាមរយៈមូលនិធិផ្ទៃក្នុង និងការខ្ចីពីធនាគារមួយចំនួន។
សូមជម្រាបដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Neweb Vietnam គឺត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២០ ជាមួយដើមទុនវិនិយោគ ៦០លានដុល្លារ នៅក្នុងខេត្ត Ha Nam លើផ្ទៃដី ១១,៣ហិកតា។ រោងចក្រនៅវៀតណាមនេះ ចាប់ផ្ដើមប្រតិបត្តិការកាលពីខែសីហា ឆ្នាំ២០២១ និងជំនាញលើការផលិតឧបករណ៍ទំនាក់ទំនងផ្កាយរណប និងទូរស័ព្ទដៃ ខណៈបច្ចុប្បន្នពួកគេមានបុគ្គលិកប្រហែល ២ ០០០នាក់៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress