មហាសេដ្ឋី ពុង ឃាវសែ ស្តេចក្រាញ់អចលនទ្រព្យនៅកម្ពុជាតម្លៃរាប់ពាន់លានដុល្លារ

វិស័យអចលនទ្រព្យជាវិស័យមួយដែលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០២៥នេះ បើទោះអចលនទ្រព្យមិនទាន់មានសកម្មភាពរស់ឡើងវិញខ្លាំងក៏ពិតមែន មហាសេដ្ឋីកម្ពុជាមួយចំនួននៅតែបន្តគម្រោងវិនិយោគរបស់ខ្លួនឥតបន្ធូរដៃឡើយ។

អត្ថបទនេះគេហទំព័រ Million Times សូមបង្ហាញមុខមហាសេដ្ឋីកម្ពុជា ពុង ឃាវសែ ដែលជាស្តេចក្រាញ់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ហើយក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលខ្លាំងក្លាណាស់ក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកវិនិយោគចាស់វស្សាមួយរូបដ៏មានឥទ្ធិពលដែលកំពុងវិនិយោគអចលនទ្រព្យស្ថិតក្នុងតំបន់សំខាន់ៗនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងក្រុង និងនៅជាយរាជធានីភ្នំពេញ។ 

លោក ពុង ឃាវសែ កំពុងអភិវឌ្ឍន៍តំបន់កោះពេជ្រ កោះនរា គម្រោងផ្សារទំនើប អគារពាណិជ្ជកម្ម ខុនដូរនៅតំបន់ជុំវិញស្តារអូឡាំពិក តំបន់ OCIC ជ្រោយចង្វារ ដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​រាជ​ធានី​ភ្នំពេញ ជា​ទីកន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ហើយភាគ​ច្រើន​វិនិយោគ​ដោយ​ជនជាតិចិន។

ក្រៅពីវិនិយោគតំបន់អចលនទ្រព្យសំខាន់ទាំងអស់នោះហើយ លោក ពុង ឃាវសែ ដែលត្រូវបានមជ្ឈដ្ឋានទូទៅកត់សម្គាល់ថាជា «សន្លឹកអាត់មួយក្នុងចំណោមសន្លឹកទាំងបួនកំពុងរះនៅប្រទេសកម្ពុជា» ក៏កំពុងអភិវឌ្ឍន៍គម្រោងប្រវត្តិសាស្រ្តរបស់ជាតិទៀតផង គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ក្នុងទំហំទុនវិនិយោគ ១ ៥០០ លានដុល្លារអាមេរិកលើទំហំផ្ទៃដី ២ ៦០០ហិកតា គឺជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC ។

លោក ពុង ឃាវសែ ជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដែលកកើតឡើងពីប្រាក់សន្សំកាលលោករស់នៅទីក្រុង ម៉ុង រ៉េ អាល់ ប្រទេសកាណាដា ហើយក្រោយមកលោកបន្តបោះទុនបង្កើតធនាគារប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ជាភាសាអង់គ្លេស OCIC ។

សារព័ត៌មានបរទេសជាច្រើនចុះផ្សាយថា លោក ពុង ឃាវស គឺជា «អ្នក​ត្រួស​ត្រាយ​ផ្នែក​ធនាគារ» ដោយកាលណោះលោករកស៊ី​ចំណេញ​ប្រាក់​ជា​ច្រើន​ក្នុង​ប្រទេស​កាណាដា មុន​ពេល​បង្កើត​ធនាគារ​កាណា​ឌីយ៉ា​ដែល​ជា​ធនាគារ​ដំបូង​បំផុត​មួយ​ក្នុង​ ចំណោម​ធនាគារ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​លោក ពុង ឃាវសែ បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​គម្រោង​បុរី​លំនៅ​ដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វរជន សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូរិយា សុវណ្ណា អគារខុនដូរ និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម