អ្នកឧកញ៉ា សួរ វីរៈ ទិញដីជិត ៩ហិកតាពីក្រុមហ៊ុនចិន ដើម្បីអភិវឌ្ឍន៍ Resort នៅតំបន់តារាសាគរ

ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក របស់ប្រទេសចិន និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចុះហត្ថលេខាលើ កិច្ចសន្យាទិញដីទំហំ ៨.៥ ហិកតា ដើម្បីអភិវឌ្ឍន៍ Royal Beach Resort, Seaplane Station និង Marina នៅតំបន់តារាសាគរ ស្ថិតនៅខេត្តកោះកុង។

ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងលោក Li Meng Chen ជាអគ្គនាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល សុីធី ឌីវេឡុបមិន គ្រុប ឯ.ក នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន ខូសថល ស៊ីធី បានចាត់ទុកបេសកកម្មនេះថាជាជំហានដ៏សំខាន់ក្នុងកិច្ចសហការយុទ្ធសាស្ត្រ ដែលមានបំណងបង្កើតទិសដៅទេសចរណ៍ស្តង់ដារពិភពលោក ដែលរួមបញ្ចូលនូវវប្បធម៌ ការពារបរិស្ថាន និងសេវាកម្មទេសចរណ៍កម្រិតខ្ពស់។ 

ក្រុមហ៊ុនបន្តថា ពិធីចុះហត្ថលេខា មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដែលបានបង្ហាញចក្ខុវិស័យរួមក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជា។ អនាគតដ៏ភ្លឺស្វាងកំពុងរង់ចាំ តារាសាគរ​!។

ក្រុមហ៊ុន Coastal City បាននឹងកំពុងអភិវឌ្ឍគម្រោងធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅអន្តរជាតិ ការដ្ឋានវារីអគ្គិសនី សណ្ឋាគារ និងរីសតប្រណិត។

នាពេលកន្លងទៅ ក្រុមហ៊ុន Coastal City ក៏បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីរបស់ខ្លួនមានឈ្មោះថា «គម្រោងផ្សារផែកោះស្តេច» ស្ថិតក្នុងតំបន់តារាសាគរ ខេត្តកោះកុង ត្រូវបានអភិវឌ្ឍលើដីទំហំ ១.៧ហិកតាជាផ្សារសមុទ្រដំបូងគេបង្អស់នៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Page Coastal City