សកលវិទ្យាល័យ Harvard ប្រកាសផ្អាករើសបុគ្គលិក ក្រោយរដ្ឋបាល Trump គំរាមផ្ដាច់ជំនួយ

សកលវិទ្យាល័យ Harvard បានប្រកាសអំពីការផ្អាករើសបុគ្គលិកបណ្ដោះអាសន្ន បន្ទាប់ពីទទួលសារគំរាមកំហែងពីរដ្ឋបាលប្រធានាធិបតី Donald Trump ជុំវិញការផ្ដាច់ជំនួយ សម្រាប់សកលវិទ្យាល័យកំពូលៗនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

នាយកសកលវិទ្យាល័យ Harvard លោក Alan M. Garber បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍សាធារណៈមួយថា «អនុវត្តពីពេលនេះតទៅ Harvard នឹងបញ្ឈប់ការរើសបុគ្គលិកគ្រប់ផ្នែក នៅក្នុងសកលវិទ្យាល័យជាបណ្ដោះអាសន្ន»។

លោក Garber បានអះអាងថា ការផ្លាស់ប្ដូរនៃគោលនយោបាយសហព័ន្ធយ៉ាងឆាប់រហ័ស គឺជាហេតុផលដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ សម្រាប់គ្រប់សកលវិទ្យាល័យទូទាំងអាមេរិក ហើយវាគឺជាបញ្ហាចំបង។

សេចក្ដីប្រកាសរបស់សកលវិទ្យាល័យ Harvard ធ្វើឡើងក្រោយរដ្ឋបាលលោក Trump និងគណបក្សសាធារណៈរដ្ឋ គំរាមផ្ដាច់ជំនួយក្នុងទំហំរាប់ពាន់លានដុល្លារ ដែលសហព័ន្ធធ្លាប់ផ្ដល់ឲ្យសកលវិទ្យាល័យទាំងនោះក្នុងមួយឆ្នាំ សម្រាប់កម្មវិធីអប់រំ។

តួយ៉ាងកាលពីសប្ដាហ៍មុន រដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយសហព័ន្ធ ៤០០លានដុល្លារ សម្រាប់សកលវិទ្យាល័យ Columbia ពាក់ព័ន្ធករណីរើសអើង និងមាក់ងាយនិស្សិតជនជាតិជ្វីហ្វ ក្នុងហេតុការណ៍ផ្ទុះសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបដែរថា សកលវិទ្យាល័យ Harvard គឺជាសកលវិទ្យាល័យមានបំផុតដាច់គេនៅអាមេរិក ជាមួយអំណោយទាន ៥៣ពាន់លានដុល្លារ ដោយកាលពីឆ្នាំទៅទទួលបានជំនួយពីសហព័ន្ធ រហូតដល់ ៧០០លានដុល្លារឯណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Confinity