រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។
CDC បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៤៤ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។
ជារួមបើតាម CDC ក្នុងខែកុម្ភៈឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងប្រមាណ ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
CDC បញ្ជាក់ថា ប្រទេសចិនមានវិនិយោគិនមកបណ្តាក់ទុនឈានមុខ ដែលចូលរួមចំណែក ៨៦,៧៥% សិង្ហបុរី ១១,៩៧% អូស្រ្តាលី ០,៧០% និងអង់គ្លេស ០,៤៨% ដែលភាគច្រើនវិនិយោគក្នុងវិស័យឧស្សាហកម្មមានទុនវិនិយោគ ២៨៨លានដុល្លារអាមេរិក ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានទុន ៣៣លានដុល្លារអាមេរិក៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម