មហាសេដ្ឋីមានបំផុតនៅវៀតណាមខ្ចីបំណុល ១៥០លានដុល្លារ សង់សាលារៀនឯកជនបន្ថែម

Vinschool ដែលជាប្រព័ន្ធសាលារៀន គ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម Pham Nhat Vuong នឹងខ្ចីប្រាក់ចំនួន ១៥០លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងម្ចាស់បំណុលបរទេសផ្សេងទៀត ដើម្បីសាងសង់សាលារៀនបន្ថែម។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។

តាមដានជាមួយយើង៖ Million Times

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vingroup ដែលជាមេរបស់ Vinschool និងជាក្រុមហ៊ុនធំបំផុតនៅវៀតណាម បានបង្ហើបឲ្យដឹងថា ពួកគេនឹងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជាទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី ១៥០លានដុល្លារ សម្រាប់សាលា Vinschool ពង្រីកប្រព័ន្ធអប់រំបន្ថែមទៀត។

បច្ចុប្បន្ន Vinschool មានសាខាចំនួន ៥៤កន្លែងនៅទូទាំងប្រទេស និងមានសិស្សសរុបប្រហែល ៤៨ ០០០នាក់ ខណៈថ្លៃសិក្សាក្នុងមួយឆ្នាំៗ គឺមានតម្លៃខុសគ្នាទៅតាមកម្រិតថ្នាក់ ដោយអាចមានតម្លៃខ្ពស់រហូតដល់ ២០៧លានដុង ឬប្រហែល ៨ ១២៤ដុល្លារក្នុងមួយឆ្នាំ។

គួរជម្រាបដែរថា Vinschool គឺជាសាលាឯកជនល្អបំផុតមួយនៅវៀតណាម និងជាប្រភពចំណូលមួយរបស់មនុស្សកំពូលលុយ Pham Nhat Vuong ដែលរកស៊ីលើពហុវិស័យ និងជាមហាសេដ្ឋីមានបំផុតនៅវៀតណាម មិនធ្លាប់មានអ្នកផ្ដួលរយៈពេល ១០ឆ្នាំចុងក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ Vinschool