ក្រុមហ៊ុន Wells Fargo ប្ដឹងធនាគារកំពូល JPMorgan ទារសំណង ៤៨១លានដុល្លារ ជុំវិញបញ្ហាប្រាក់កម្ចីអចលនទ្រព្យ

កាលពីថ្ងៃទី១០ ខែមីនា ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ Wells Fargo បានដាក់ពាក្យប្ដឹងធនាគារកំពូលអាមេរិក JPMorgan Chase ទាមទារសំណងទឹកប្រាក់ ៤៨១លានដុល្លារ ជុំវិញបញ្ហាប្រាក់កម្ចីអចលនទ្រព្យដែល​ត្រូវ​បាន​គេ​ចោទ​ថា​ផ្អែក​លើ​មាត្រដ្ឋាន​ហិរញ្ញវត្ថុ​ដែល​បំប៉ោង​ការ​ក្លែង​បន្លំ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ពាក្យបណ្ដឹងដែលធនាគារធំបំផុតទី០៤ ប្ដឹងចំពោះធនាគារធំបំផុតនៅអាមេរិកនេះ ត្រូវបានធ្វើឡើងដោយសារ Wells Fargo ចោទ JPMorgan ថា បានដឹងពីបញ្ហាខាងលើច្បាស់ ប៉ុន្តែបែរជាមិនអើពើ ព្រោះចង់បានថ្លៃកម្រៃជើងសារ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

JPMorgan បានផ្ដល់កម្ចីឲ្យក្រុមហ៊ុន Chetrit Group ដែលមានធនាគារ Wells Fargo ជាអ្នកធានាក្នុងឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ ៥២២លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែង ៨ ៦៧១ខ្នង នៅក្នុងរដ្ឋចំនួន១០ នៅអាមេរិក។

Wells Fargo អះអាងថា កម្ចីដែល JPMorgan បានផ្ដល់ឲ្យក្រុមហ៊ុន Chetrit Group មានការប្រាក់ខ្ពស់ខ្លាំងពេករហូតដល់ ២៥% ដែលធ្វើឲ្យក្រុមហ៊ុននេះមិនអាចសងបំណុលរួច និងប្រកាសក្ស័យធនក្នុងឆ្នាំ២០២២ ដោយបន្សល់ទុកបំណុល ២៨៥លានដុល្លារទៀត ខណៈពួកគេដែលជាអ្នកធានា ត្រូវរ៉ាប់រងបំណុលទាំងនោះ។

ធនាគារធំបំផុតទី០៤នៅអាមេរិកបានអះអាងថា JPMorgan បានដឹងរួចស្រេចថា ក្រុមហ៊ុន Chetrit Group នឹងមិនអាចរ៉ាប់រងបំណុលនោះរួចឡើយ ប៉ុន្តែបែរជាហ៊ានឲ្យប្រាក់កម្ចីយ៉ាងច្រើន ដោយសារចង់បានការប្រាក់ខ្ពស់ ហើយចាំទារថ្លៃដើមនាពេលក្រោយពីអ្នកធានា ដែលជាក្រុមហ៊ុន Wells Fargo៕

អត្ថបទ៖ Luffy រូបភាព៖ Reuters