កាលពីថ្ងៃអាទិត្យ ទី០៩ ខែមីនា គណបក្សសេរីនិយមបានរៀបចំការបោះឆ្នោត ស្វែងរកមេបក្សថ្មី ដើម្បីជំនួសតំណែងលោក Justin Trudeau និងត្រៀមក្លាយជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ ដោយបានរកឃើញអនាគតនាយករដ្ឋមន្ត្រីថ្មីគឺលោក Mark Carney។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នៅក្នុងការបោះឆ្នោតនោះ មានសមាជិកបក្សចូលរួមចំនួន ១៥២ ០០០នាក់ ដោយលទ្ធផលបង្ហាញថា លោក Mark ទទួលបានការគាំទ្ររហូតដល់ ៨៦% យកឈ្នះរដ្ឋមន្ត្រីហិរញ្ញវត្ថុ Chrystia Freeland សម្រាប់តំណែងជាមេបក្សថ្មី។
លោក Mark នឹងត្រូវឡើងកាន់តំណែងបន្តពីលោក Trudeau ចំពេលស្ថានភាពនៃប្រទេសកាណាដា កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ ដោយសារហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump។

គួររំលឹកបន្តិចថា កាលពីខែមករា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសថា លោកនឹងចុះចេញពីតំណែងភ្លាម បើសិនជាបក្សសេរីនិយមអាចរកបានអ្នកជំនួសកៅអីរបស់លោក បន្ទាប់ពីកាន់អំណាចអស់រយៈពេលច្រើនជាង ៩ឆ្នាំ។ សេចក្ដីប្រកាសមួយនេះ ធ្វើឡើងក្រោយប្រជាប្រិយភាពរបស់លោកធ្លាក់ចុះខ្លាំង ដោយសារប្រជាជនមិនពេញចិត្តជាមួយគោលនយោបាយ និងស្ថានភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោក៕
អត្ថបទ៖ Luffy រូបភាព៖ NPR