ក្រសួងសាធារណការ កំពុងសិក្សាគម្រោងសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីសាធារណៈក្នុងរាជធានីភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងដំណើរការសិក្សាគម្រោងបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ជាមួយក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំលើកទី១ កាលពីថ្ងៃពុធ ទី៥ ខែមីនា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាជាមួយក្រុមការងារអនុវត្តគម្រោងនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល។

តាមដានជាមួយយើង៖ Million Times

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសាធារណការ កំពុងដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ។ ក្រោយអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ​ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង​ ​ស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ​ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីិកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីឆ្នាំ២០២៤នាទីក្រុងប៉េកាំង ប្រទេសចិន។

បើតាមក្រសួងសាធារណការ ការសិក្សានេះគ្រាន់តែជាការសិក្សាការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ ដែលក្រសួង និងសាលាក្រុងភ្នំពេញ បានសិក្សារួចមកហើយ រួមមាន light rail train, Automated Guide Transit, Bus Rapid Transit, Tramways ដើម្បីឱ្យក្រសួងមានមូលដ្ឋានក្នុងការជ្រើសរើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបានបរិស្ថាន និងសោភ័ណភាពទីក្រុង និងមានតម្លៃសមរម្យជូនប្រជាជនទូទៅ មិនមែនមានន័យថា សិក្សាហើយ ដាច់ខាតត្រូវតែសាងសង់នោះទេ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ