លោក ហឿន សំនៀង៖ ២០ក្រុមហ៊ុនមកពីអាមេរិកចង់វិនិយោគនៅកម្ពុជា ដោយចាត់ទុកជាកំណប់ទ្រព្យដ៏អាថ៌កំបាំង

ក្រុមហ៊ុនអាមេរិកប្រមាណ ២០ ចាប់អារម្មណ៍ និងចង់វិនិយោគនៅកម្ពុជា ដោយចាត់ទុកកម្ពុជា គឺជាកំណប់ទ្រព្យដ៏អាថ៌កំបាំង ក្រោយមានជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅព្រឹកថ្ងៃចន្ទ ខែមីនានេះ។

គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានមានជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយបណ្តាក្រុមហ៊ុនកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមដានជាមួយយើង៖ Million Times

នាជំនួបនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង។

ស្ថិតក្នុងឱកាសនោះដែរ គណៈប្រតិភូធុរជនអាមេរិក បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ទន្ទឹមនឹងនេះក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជា CDC ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមក្នុងជំនួបនេះ បានឲ្យដឹងថា ក្រុមហ៊ុនមកពីអាមេរិកចំនួនជាង២០ ចាប់អារម្មណ៍ និងចង់វិនិយោគនៅកម្ពុជា ដោយនិយាយថា កម្ពុជា គឺជាកំណប់ទ្រព្យដ៏អាថ៌កំបាំង ដែលជនជាតិអាមេរិកភាគច្រើនបំផុតមិនបានដឹងសោះឡើយ។

លោកបន្តថា អាទិត្យនេះ ជាទិវានៃព្រឹត្តិការណ៍វិនិយោគ ដោយសារត្រូវជួបជាមួយគណៈប្រតិភូធុរកិច្ចពីអាមេរិក ជាង២០ក្រុមហ៊ុន, គណៈប្រតិភូធុរកិច្ចមកពីជប៉ុន ៥០ក្រុមហ៊ុន និង គណៈប្រតិភូមិពីមហាយក្សចិន រាប់សិបក្រុមហ៊ុន។ លោកបន្ថែមថា “កម្ពុជាថ្ងៃនេះ ជាកូនក្រមុំពេញវ័យដ៏ស្រស់ស្អាត”៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC