រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈថា ក្រោយប្រធានាធិបតី Donald Trump ប្រកាសពីផែនការលក់សញ្ជាតិអាមេរិក Gold Card កាលពីថ្ងៃអង្គារ ឥឡូវនេះមានមនុស្សប្រហែល ២៥០ ០០០នាក់ កំពុងដាក់ពាក្យសុំទិញទិដ្ឋាការពិសេស ក្នុងតម្លៃ ៥លានដុល្លារ ទាំងរដ្ឋាភិបាលមិនទាន់រៀបកម្មវិធីដាក់លក់បានស្រួលបួល។


ក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Fox News រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បង្ហាញក្ដីជឿជាក់យ៉ាងមុតមាំថា កម្មវិធីលក់សញ្ជាតិអាមេរិក Gold Card នឹងជួយដោះស្រាយបញ្ហាបំណុលរបស់រដ្ឋាភិបាល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងជាងមុន។
លោក Lutnick បាននិយាយថា «បច្ចុប្បន្នមានមនុស្ស ២៥០ ០០០នាក់ កំពុងតម្រង់ជួរចាំទិញ Gold Card ហើយបើសិនជាពួកគេហ៊ានចំណាយលុយក្នុងម្នាក់ ៥លានដុល្លារ នោះរដ្ឋាភិបាលនឹងបានចំណូល ១,២៥ទ្រីលានដុល្លារ»។
សូមជម្រាបដែរថា ផែនការលក់សញ្ជាតិអាមេរិកក្នុងតម្លៃ ៥លានដុល្លារនេះ បង្កើតឡើងក្នុងគោលបំណងអូសទាញសហគ្រិនគ្រាក់ៗ បុគ្គលជោគជ័យ និងក្រុមមហាសេដ្ឋីបរទេស ដែលមានបំណងមករស់នៅសហរដ្ឋអាមេរិកអចិន្ត្រៃយ៍។
ប្រធានាធិបតីអាមេរិក Donald Trump មានបំណងលក់ទិដ្ឋាការពិសេសនេះឲ្យបាន ១០លាន ដើម្បីយកទឹកប្រាក់មកទូទាត់បំណុលអាមេរិក ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការចាយវាយក្នុងប្រទេស និងបង្កើតការងារឲ្យប្រជាពលរដ្ឋ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg