នាថ្ងៃទី២៤ ខែកុម្ភៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA បានចុះផ្សាយថា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu ដែលជាមនុស្សជំនិតបំផុតមួយរូប របស់ប្រធានាធិបតី Vladimir Putin គ្រោងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ។


ប្រភពដដែលបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក Shoigu នឹងផ្ដោតសំខាន់លើកិច្ចពិភាក្សាបញ្ហាសន្តិសុខ និងការពារជាតិ ខណៈបេសកកម្មរបស់លោក នឹងបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។
គួររំលឹកបន្តិចថា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី សុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ាន ដែលបានបង្ហាញឆន្ទៈក្នុងការក្លាយជាសមាជិកនៃក្រុម BRICS ដែលមានរុស្ស៊ីជាស្ថាបនិកមួយរូប។
ការបំពេញទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់រុស្ស៊ីរូបនេះ ត្រូវបានអ្នកសង្កេតនយោបាយយល់ឃើញថា អាចជាការបើកភ្លើងខៀវដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងការត្រួសត្រាយផ្លូវដើម្បីចូលរួមជាមួយ BRICS៕
អត្ថបទ៖ Luffy រូបភាព៖ CNN