រដ្ឋាភិបាលកម្ពុជាឲ្យយកចិត្តទុកដាក់លើការនាំចូលទុរេន និងដាំដុះក្នុងប្រទេស ស្របពេលចិនហាមនាំចូលពីវៀតណាម និងថៃ 

រាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ទាំងលើការនាំចូលទុរេន និងដាំដុះក្នុងប្រទេស និងត្រូវពន្លឿនរៀបចំឯកសារកសាងសមត្ថភាពមន្ទីរពិសោធន៍ ក្រោយប្រទេសមហាអំណាចចិន ហាមឃាត់ការនាំផ្លែទុរេនពីវៀតណាម និងថៃ ដោយសារអាជ្ញាធរគយចិនរកឃេីញសារធាតុគីមីដែលនាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងលើការនាំចូលទុរេន និងដាំដុះក្នុងប្រទេស និងត្រូវពន្លឿនរៀបចំឯកសារកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីគាំទ្រដល់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។

លើសពីនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បញ្ជាក់ឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធានាមិនឲ្យមានការប្រើប្រាស់សារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium លើផលិតផលក្នុងស្រុកដើម្បីការពារអ្នកប្រើប្រាស់។

សូមជម្រាបថា កាលពីខែតុលាឆ្នាំមុន គយចិនលើកឡើងពីសារធាតុគីមី Cadmium ដែលមានក្នុងទុរេននាំចូលពីថៃ ជាប្រភេទលោហធាតុដែលមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើន ដែលជាសមាសធាតុអាចបង្កជំងឺមហារីក។ ដូច្នេះបញ្ហានេះនាំឲ្យមានការផ្អាកការនាំចេញពីកន្លែងវេចខ្ចប់ និងចម្ការជាច្រើននៅថៃ រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ 

ថ្មីៗនេះ ចិនបានរឹតបន្តឹងលើការនាំចូលទុរេនពីវៀតណាមផងដែរ ដោយតម្រូវ ឱ្យប្រទេសទាំង ២ ត្រួតពិនិត្យឱ្យហ្មត់ចត់ក្នុងការនាំចូលទៅប្រទេសចិន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម