បក្សកាន់អំណាចកម្ពុជា-វៀតណាម នឹងបន្តគាំទ្រគ្នាក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំទ្វេភាគីជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ធ្វើឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យ មានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកាន់អំណាច ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរក្នុងឆ្នាំបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំកំពូលនេះ ភាគីកម្ពុជា វៀតណាម បានអបអរសាទរគ្នាទៅវិញទៅមកដែលសម្រេចបានសមិទ្ធផលក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លទ្ធផលនៃការចាត់តាំងអនុវត្តស្មារតី កុងសង់ស៊ីសរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុងភាពជាមិត្តជិតខាងល្អ។

ភាគីទាំងពីរនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃគណបក្ស និងប្រទេសទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា- វៀតណាម ក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។

ភាគីទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ គណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP