ប្រជាជនសិង្ហបុរីទាំងអស់ នឹងទទួលបានកញ្ចប់ទឹកប្រាក់ពីរដ្ឋាភិបាលប្រហែល ៨០០ដុល្លារសិង្ហបុរី ឬ ៦០០ដុល្លារអាមេរិកក្នុងមួយគ្រួសារ ដែលជាវិធានការជួយសម្រាលបន្ទុកចំណាយ ចំពេលមានការឡើងថ្លៃទំនិញក្នុងប្រទេស។


យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានឲ្យដឹងថា កញ្ចប់ទឹកប្រាក់ទាំងនោះ នឹងត្រូវផ្ដល់ឲ្យជាប័ណ្ណចំណាយក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍សហគមន៍ (CDC) ដែលអាចយកទៅប្រើប្រាស់នៅតាមផ្សារទំនើប និងហាងលក់ទំនិញមួយចំនួន។
រដ្ឋាភិបាលសិង្ហបុរី នឹងផ្ដល់ប័ណ្ណចំណាយនោះសម្រាប់ប្រជាជនចំនួន ២លើក ដោយលើកទីមួយ នឹងផ្ដល់ចំនួន ៥០០ដុល្លារសិង្ហបុរី នៅក្នុងខែឧសភា និង ៣០០ដុល្លារសិង្ហបុរីទៀត នៅក្នុងខែមករាឆ្នាំក្រោយ ខណៈប័ណ្ណចំណាយទាំងនេះ គឺមានសុពលភាពរហូតដល់ចុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
វិធានការមួយនេះផងដែរ ត្រូវបានគេសន្និដ្ឋានថា រដ្ឋាភិបាលបានចំណាយថវិកា ១,០៦ពាន់លានដុល្លារសិង្ហបុរី ដើម្បីអនុវត្តវា ខណៈនាយករដ្ឋមន្ត្រី Lawrence Wong អះអាងថា វាគឺជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងការជួយសម្រាលបន្ទុកចំណាយរបស់ប្រជាជន ចំពេលមានវិបត្តិទំនិញកំពុងឡើងថ្លៃ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP