រយៈពេល ៦ ឆ្នាំ បណ្ឌិត សំ សុខនឿន ចំណាយជាង ៥០ ម៉ឺនដុល្លារ ដើម្បី Boost ហ្វេសប៊ុកផេក

ក្រោយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បាន​ថ្លែង​ពី​បញ្ហា​មាន​អ្នក​រិះគន់​សម្ដេច ការ​ចំណាយ​ប្រាក់​លើ​ការ Boost ពេល​បង្ហោះ​អ្វី​មួយ។ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា​ក្រុម​អ្នកនយោបាយ និង​អ្នក​តាំង​ខ្លួន​ជា​អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​យក​ការ Boost ផេកហ្វេស​សម្ដេច មក​ធ្វើ​ជា​ប្រធាន​បទ ដើម្បី​រិះគន់ វាយប្រហារ​ជា​បន្តបន្ទាប់ ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

សម្ដេច ហ៊ុន ម៉ាណែត បាន​បន្ត​ទៀត​ថា ការ Boost នេះ​មិនមែន​មាន​តែ​​សម្ដេច​ម្នាក់ឡើយ​ចំណាយ​ថវិកា​ធ្វើ​រឿង​នេះ មេដឹកនាំ​ធំ​ៗ​ជុំវិញ​ពិភព​លោក​ក៏ Boost ការ​បង្ហោះ​ពី​សកម្មភាព​នា​នា​ដែរ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​មាន​មុខ​ជំនួញ​ជាច្រើន ដើម្បី​ឲ្យ​អតិថិជន​ស្គាល់​ពី​ផលិតផល​របស់​ខ្លួន ក៏​ត្រូវ​ចំណាយ​ថវិកា​លើ​រឿង Boost នេះ​ដូចគ្នា ដើម្បី​ធ្វើឲ្យ​ផលិតផល​ទាំងនោះ ដល់​អ្នក​ប្រើប្រាស់បាន​ឃើញ។

ក្នុង​នោះដែរ​នាយករដ្ឋមន្ត្រី បាន​បកស្រាយ​ពី​បញ្ហា​បច្ចេកទេស និង​គោលការណ៍​របស់​ក្រុមហ៊ុន Meta ដូច​គ្នាថាបើ​ចង់​បាន​ឲ្យ​មាន​អ្នក​ឃើញ​ច្រើន ត្រូវ​បង់​ថវិកា​ដល់​គេ ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​មុខ​ជំនួញ។

ការ​លើកឡើង​របស់​សម្ដេច​​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ជា​អ្នក​ជំនួញ​ដ៏​ល្បី គាំទ្រ និង​បើក​បង្ហាញ​ពី​ទិន្នន័យជាច្រើន ​ដែល​ចំណាយ​លើ Boost សម្រាប់​ការ​បង្ហោះ​រយៈពេល ៦ ឆ្នាំ។ ម្ចាស់​សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បើក​បង្ហាញ​ដោយ​មិន​លាក់លៀម​ថា អ្នក​ឧកញ៉ា​បាន​ចំណាយ​អស់​ជាង ៥០ ម៉ឺន​ដុល្លារ ដើម្បី Boost រយៈពេល ៦ ឆ្នាំ។

​អ្នក​ឧកញ៉ា​បណ្ឌិត បាន​បង្ហោះ​ថា «ជម្រាប​សម្ដេច​ខ្ញុំ​ក៏​ចាយ​លុយ​អស់ $370,000 រយៈពេល 3 ឆ្នាំ និង $520,000 រយៈពេល 6 ឆ្នាំ ដើម្បី Boost ដែរ។ អ្នកជំនួញ និង​អ្នក​នយោបាយ​ដែល​មាន​ប្រជាប្រិយ​ភាព​ភាគ​ច្រើន​គឺ​បាន​ពី​Boost»។

ថ្មីៗ​នេះ​ដែរ​បណ្ឌិត សំ សុខនឿន ​ថ្លែង​អំណរគុណ​ជា​អនេកប្បការ ចំពោះ​សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​​បាន​ផ្ដល់​កិត្តិយស​ប្រគល់​សញ្ញាប័ត្រ​ដោយ​ផ្ទាល់​ជូន​រូប​លោក៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Dr Sam Soknoeun និង Samdech Thipadei Hun Manet, Prime Minister of Cambodia