កម្ពុជា រៀបចំគោលនយោបាយ «ទេសចរណ៍ពិសិដ្ឋ» ទាក់ទាញទេសចរពិសេស និងគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ដែលមានសក្តានុពលនៅកម្ពុជា ទៅជាគោលដៅទេសចរណ៍ «តំបន់ទេសចរណ៍ពិសិដ្ឋ» ដើម្បីទាក់ទាញទេសចរពិសេស និងទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

កាលពីឆ្នាំ២០១៨ កម្ពុជាបានខិតខំតាក់តែងគោលនយោបាយទេសចរណ៍ពិសិដ្ឋនេះដែរ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ កិច្ចការរៀបចំទាំងនេះក៏ហាក់ដូចជានៅទ្រឹងសិន។ រហូតដល់មានការបង្កើតគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍កាលពីពេលថ្មីៗនេះ ទើបគណៈកម្មាធិការជាតិថ្មីនេះចាប់ផ្ដើមដឹកនាំការរៀបចំឱ្យមានគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋឡើងវិញ។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥»។ 

លោក ថោង ខុន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥ សំដៅលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព ប្រកបដោយការស្ថាបនា និងអភិវឌ្ឍមូលដ្ឋានផលិតផល និងសេវាកម្មទេសចរណ៍អាទិភាព ស្របតាមនិន្នាការវិវត្តនៃវិស័យទេសចរណ៍ ទាក់ទាញទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគ ដែលជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមយើង។

សូមជម្រាបជូនថា តំបន់ទេសចរណ៍ពិសិដ្ឋ សំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ខ្ពស់នៅកម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗ រួមមាន៖ សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួន ឧទ្យាន មណ្ឌលផ្តល់សេវាថែទាំសុខភាពទេសចរណ៍ មណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។ 

តំបន់ទេសចរណ៍ពិសិដ្ឋ អាចត្រូវបានអភិវឌ្ឍដោយរាជរដ្ឋាភិបាល ឬដោយវិស័យឯកជន ឬក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជន ដោយមានការលើកទឹកចិត្តនិងគាំទ្រពីរាជរដ្ឋាភិបាល និងស្របតាមក្របខណ្ឌគតិយុត្តជាធរមានដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកនៃគណៈកម្មាធិការនេះ បានបញ្ជាក់ដែរថា «តំបន់ទេសចរណ៍ពិសិដ្ឋ មិនអាចបង្កើតឡើងនៅតំបន់ព្រំដែន ឬកៀកនឹងតំបន់ព្រំដែន ឬក៏តំបន់ដែលមានហានិភ័យផ្សេងៗឡើយ»។

លោកបានពន្យល់ពីចំណុចដែលហៅថា «ទេសចរពិសេស» គឺសំដៅដល់ទេសចរអន្តរជាតិដែលទទួលបានការអនុញ្ញាតចូលចេញ និងស្នាក់នៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់នៃកម្ពុជា។ ទេសចរពិសេស ត្រូវបានផ្តល់សិទ្ធិនិងការអនុញ្ញាតក្នុងការវិនិយោគ ចូលរួមក្នុងសកម្មភាពធុរកិច្ច អភិវឌ្ឍ និងអាស្រ័យផលនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ដោយសារធនធាននិងឥទ្ធិពលរបស់ទេសចរទាំងនោះ ក្នុងការជំរុញនិងគាំទ្រដល់ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ 

លោកបន្តថា ទេសចរពិសេសអាចមានទម្រង់ជាទេសចរធុរកិច្ច ទេសចរផ្ទះទី២ ទេសចរនិវត្តជន (មានធនធាន) និងប្រភេទទេសចរផ្សេងៗទៀត និងទទួលបានសិទ្ធិពិសេសនានាក្នុងការចូលចេញ ស្នាក់អាស្រ័យ និងទទួលផលប្រយោជន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសិទ្ធិអាស្រ័យផលក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់និងក្របខណ្ឌគតិយុត្តដែលមានជាធរមាន ឬនឹងត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ចក្ខុវិស័យនៃគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥នេះ ពោលគោលនយោបាយថ្មីនេះ មានចក្ខុវិស័យបង្កើនភាពទាក់ទាញទេសចរពិសេសឱ្យបានជាង២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិជាង១៥លាននាក់ ដែលគ្រោងទស្សនាកម្ពុជានៅឆ្នាំ២០៣៥៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងទេសចរណ៍