រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លុបចោលការចូលរួមកិច្ចប្រជុំកំពូលG20 នៅអាហ្វ្រិកខាងត្បូង

កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent បានមានប្រសាសន៍ថា លោកនឹងលុបចោលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនាសប្ដាហ៍ក្រោយ ដែលរៀបចំដោយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អវត្តមានរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ក្នុងជំនួបមេដឹកនាំហិរញ្ញវត្ថុមកពីបណ្ដាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកបែបនេះ ពិតជាមិនមែនរឿងធម្មតាទេ ដ្បិតកន្លងមកអាមេរិកតែងតែដឹកនាំកិច្ចប្រជុំ ចំពោះប្រធានបទហិរញ្ញវត្ថុ និងគោលនយោបាយរូបិយវត្ថុ។

លោក Bessent បានសរសេរសារបង្ហោះលើបណ្ដាញសង្គម X ថា លោកខកខានកិច្ចប្រជុំខាងលើ ដោយសារមានកាតព្វកិច្ចនៅទីក្រុងវ៉ាស៊ីងតោន ហើយលោកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូប ជាអ្នកតំណាងសម្រាប់កិច្ចប្រជុំនៅអាហ្វ្រិកខាងត្បូងវិញ។

បើទោះជាមិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅអាហ្វ្រិកខាងត្បូងនាសប្ដាហ៍ក្រោយក្ដី ប៉ុន្តែលោក Bessent បានបង្ហើបថា លោកនឹងបង្ហាញវត្តមានសម្រាប់កិច្ចប្រជុំសំខាន់ៗផ្សេងទៀត រួមមានកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ NY1