កាលពីថ្ងៃទី១៧ ខែកុម្ភៈ សេតវិមានបានចេញសេចក្ដីប្រកាសមួយថា មហាសេដ្ឋី Elon Musk មានតួនាទីជាបុគ្គលិកសេតវិមាន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី មិនមែនជាបុគ្គលិកនៃនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ហើយក៏គ្មានសិទ្ធអំណាចក្នុងការសម្រេចចិត្ត នៅក្នុងជួររដ្ឋាភិបាលផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


យោងតាមលិខិតមួយដែលបានចុះហត្ថលេខាដោយលោក Joshua Fisher ប្រធានការិយាល័យរដ្ឋបាល ប្រចាំសេតវិមានបានឲ្យដឹងថា លោក Musk មានតួនាទីត្រឹមតែជាអ្នកប្រឹក្សាយោបល់ និងទំនាក់ទំនងផ្ទាល់ជាមួយប្រធានាធិបតីប៉ុណ្ណោះ។
នៅក្នុងលិខិតមួយនោះក៏បានបញ្ជាក់ទៀតថា មហាសេដ្ឋី Elon Musk មានតួនាទី និងសិទ្ធអំណាចដូចទៅនឹងទីប្រឹក្សាជាន់ខ្ពស់ផ្សេងៗ ដោយពួកគេគ្មានសិទ្ធអំណាចគ្រប់គ្រាន់ ដើម្បីបញ្ជាឲ្យរដ្ឋាភិបាល ធ្វើតាមការសម្រេចចិត្តរបស់ពួកគេបានឡើយ។
សូមជម្រាបដែរថា សេតវិមានបានចេញមកបញ្ជាក់ពីសិទ្ធអំណាចរបស់លោក Musk ក្នុងជួររដ្ឋាភិបាល គឺដើម្បីឆ្លើយតបជាមួយពាក្យបណ្ដឹងរបស់សមាជិកសភានៃរដ្ឋ New Mexico ដែលបានចោទ Elon Musk ថា ជាអ្នកបញ្ជាឲ្យ DOGE រឹបអូសឯកសារសំខាន់ៗ របស់ទីភ្នាក់ងាររដ្ឋាភិបាល៕
អត្ថបទ៖ Luffy រូបភាព៖ Reuters