លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់អ្នកអភិវឌ្ឍន៍លំនៅឋាន រួមគ្នាអនុវត្តអនុសាសន៍ថ្នាក់ដឹកនាំប្រទេសសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរ មានផ្ទះសម្បែងរស់នៅសមរម្យ។


រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងរឿងនេះ នៅក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សរណៈ និងជំនួបធុរកិច្ច កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។
លោក សាយ សំអាល់ បានបញ្ជាក់បន្តទៀតថា «បើយើង ៣ ឬ៤នាក់ យើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជួយគ្នាទៅវិញទៅមក ហើយជួយ Formulate policy (បង្កើតគោលនយោបាយ)។ ខ្ញុំ អនុវត្តគោលនយោបាយ របស់សម្ដេចធិបតី។ សម្ដេចធិបតី មានប្រសាសន៍ថា ឥឡូវធ្វើម៉េចឲ្យប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងនៅស្រួលបួល ជីវភាពសមរម្យ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរ ដែលសមាគម សវសសក បានប្ដូរអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីចិន, សមាគមអតីតនិស្សិតខ្មែរមកពីសិង្ហបុរី, សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, សមាគមអភិវឌ្ឍឧស្សាហកម្មរ៉ូបូតកម្ពុជា និងសហគមន៍ INNEX។

គួរបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នាទាំង ៦ស្ថាប័ន ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
– សហការ និងគាំទ្រគ្នាលើការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលាអប់រំ កម្មវិធីពិព័រណ៍ ការប្រកួតប្រជែងស្នាដៃ ការងារសង្គម មនុស្សធម៌ និងសប្បុរសធម៌
– គាំទ្រគ្នាលើការផ្សារភ្ជាប់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស ដោយធ្វើការជាមួយគ្នា
– ការទទួលសិស្សនិស្សិតចុះកម្មសិក្សាផ្ទាល់ដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ព្រមទាំងផ្ដល់ឱកាសហាត់ការ និងការងារ
– ផ្ដល់ឱកាសអាជីវកម្ម និងគម្រោងពាក់ព័ន្ធឲ្យគ្នាទៅវិញទៅមក
– ជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក លើជំនាញវិជ្ជាជីវៈរបស់សមាគម៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង cpp