គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានបង្ហាញអំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី១៧ ខែកុម្ភៈក្នុងពេលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។


ក្នុងជំនួបនោះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និងការបោសសម្អាតមីន ជាដើម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី