រដ្ឋអាជ្ញាប្រទេសអ៊ីតាលីបានបើកការស៊ើបអង្កេត លើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Amazon និងបុគ្គលិកជាន់ខ្ពស់ប្រចាំក្រុមហ៊ុនចំនួន ៣រូប ជុំវិញបទចោទប្រកាន់ ទាក់ទងនឹងករណីគេចវែសការបង់ពន្ធ ក្នុងទំហំទឹកប្រាក់ ១,២៦ពាន់លានដុល្លារ។


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋអាជ្ញាក្រុង Milan និងប៉ូលិសពន្ធ បានឃាត់ខ្លួនអ្នកគ្រប់គ្រង ៣រូប និងកំពុងស៊ើបអង្កេតក្រុមហ៊ុន Amazon ដែលមានមូលដ្ឋានៅប្រទេសលុចសំបួរ ក្នុងករណីក្លែងបន្លំពន្ធ ទាក់ទងនឹងការលក់ផលិតផលអនឡាញក្នុងប្រទេសអ៊ីតាលី ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos ប្រឈមនឹងការបង់ប្រាក់ពិន័យ រហូតដល់ ៣,១៥ពាន់លានដុល្លារ បើសិនជាអាជ្ញាធររកឃើញថា ក្រុមហ៊ុនមួយនេះ ពិតជាបានល្មើសច្បាប់មែន។
ប៉ូលិសបានបង្ហើបប្រាប់ថា Amazon បានលក់ទំនិញឲ្យជនជាតិអ៊ីតាលី ពីអ្នកលក់មិនមែនជាជនជាតិអ៊ឺរ៉ុប ដោយមិនបង្ហាញអត្តសញ្ញាណពួកគេ ដើម្បីជួយឲ្យអ្នកលក់ទាំងនោះ រួចផុតពីការបង់ពន្ធលើតម្លៃបន្ថែម (VAT) របស់អ៊ីតាលី។
ក្រោមច្បាប់របស់អ៊ីតាលីបានចែងថា រាល់ការលក់ទំនិញនៅក្នុងទឹកដីរបស់ខ្លួន ពីប្រភពមិនមែនជាជនជាតិដើម ឬនៅតំបន់អឺរ៉ុប ត្រូវតែបង់ពន្ធ VAT បន្ថែម ហើយពន្ធនោះគឺជាការសហការរវាងអ្នកលក់ និងវេទិកាពាណិជ្ជកម្មដែលពួកគេបានប្រើប្រាស់៕
អត្ថបទ៖ Luffy រូបភាព៖ Reuters