Trump បង្ហើបថា ត្រៀមទារពន្ធរថយន្តនាំចូលបន្ថែម ពីថ្ងៃទី០២ ខែមេសាតទៅ

កាលពីថ្ងៃសុក្រ ទី១៤ សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា លោកមានគម្រោងបន្ថែមពន្ធលើរថយន្តនាំចូល និងគ្រោងអនុវត្តវិធានការមួយនេះ ចាប់ពីថ្ងៃទី០២ ខែមេសាតទៅ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន CBC បានចុះផ្សាយថា លោក Trump បានអះអាងបែបនេះ អំឡុងពេលផ្ដល់បទសម្ភាសន៍ ជាមួយអ្នកកាសែតនៅក្នុងការិយាល័យពងក្រពើ ខណៈទំហំនៃការបង្កើនពន្ធបន្ថែម នៅមិនទាន់ដឹងច្បាស់នៅឡើយ។

ទោះជាយ៉ាងណា កាលពីដើមសប្ដាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះធ្លាប់ទម្លាយថា លោកកំពុងពិចារណាលើការទារពន្ធរថយន្តនាំចូលបន្ថែម ចន្លោះពី ៥០ ទៅ ១០០% ដោយបាននិយាយថា កាណាដាកំពុងលួចឧស្សាហកម្មយានយន្តរបស់អាមេរិក ដូច្នេះត្រូវតែដាក់ទណ្ឌកម្មឲ្យធ្ងន់បន្តិច។

សូមជម្រាបដែរថា បច្ចុប្បន្នរថយន្តនាំចូលក្នុងទឹកដីអាមេរិក ត្រូវបានបែងចែកជាថ្នាក់សម្រាប់ការបង់ពន្ធ ដោយក្នុងនោះ រថយន្តដឹកអ្នកដំណើរបង់ពន្ធ ២,៥% ខណៈរថយន្តប្រភេទដឹកទំនិញ ត្រូវបង់ពន្ធ ២៥%៕

អត្ថបទ៖ Luffy រូបភាព៖ Oman Observer