មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅវត្តឧណ្ណាលោម ត្រូវបានរៀបចំព្រះរាជាពិធីសម្ពោធ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងព្រះរាជពិធីនានៅព្រឹកថ្ងៃចន្ទ ខែកុម្ភៈនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីសម្ពោធ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានព្រឹទ្ធសភាកម្ពុជា, ប្រធានរដ្ឋសភាកម្ពុជា, នាយករដ្ឋមន្ត្រីកម្ពុជា, ឥស្សរជនជាន់ខ្ពស់ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។


តាមរយៈរបាការណ៍របស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកាថា វត្តឧណ្ណាលោម គឺជាវត្តដែលស្ថិតក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះចៅពញាយ៉ាត នៅក្នុងឆ្នាំ១៤៣៧។ ហើយអ្វីដែលជាកត្តាប្រវត្តិសាស្ត្រនោះ គឺមានតែវត្តឧណ្ណាលោមតែមួយគត់ ដែលមានប្រាសាទសម័យអង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះសាងសង់ឡើងក្នុងចន្លោះសតវត្សរ៍ទី១១ និងទី១២ ដោយមានរចនាបថកោះកេរ។ ប្រាសាទនេះ ធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត។
វត្តនេះ មានមហាកុដិមួយដែលបានផ្តើមស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៤៩ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី និងរួមមួយអន្លើដោយសទ្ធាជ្រះថ្លា រួបរួមគ្នាពីសំណាក់ពុទ្ធបរិស័ទ ក្នុងរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ដរាបដល់រួចរាល់ជាស្ថាពរ ហើយបានសម្ពោធឆ្លងចាប់ពី ថ្ងៃទី១០-១៣ ខែមករា ឆ្នាំ១៩៥២។

មហាកុដិនេះទៀតសោត បានក្លាយជាព្រះរាជដំណាក់ នៃសម្ដេចព្រះសង្ឃរាជរហូតដល់ទៅ៣ព្រះអង្គគឺ៖
១៖ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦៩ ជាទីគង់ប្រថាប់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
២៖ ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ ១៩៧៥ ជាទីគង់ប្រថាប់ របស់សម្តេចព្រះសង្ឃរាជ ហួត តាត
៣៖ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៤ ជាទីគង់ប្រថាប់របស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស។
នៅអំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ទី៦០ មហាកុដិនេះ ជាន់ខាងលើ ជាកន្លែង ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និងរចនានូវវចនានុក្រមខ្មែរដ៏ល្បីល្បាញ ហើយបានបន្សល់ទុកសម្រាប់ឧត្តមប្រយោជន៍ផ្នែកអក្សរសាស្ត្រជាតិរហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯជាន់ខាងក្រោមនៃមហាកុដិវិញ ត្រូវបានប្រើប្រាស់ជាក្រសួងសម្ដេចព្រះសង្ឃរាជនាសម័យនោះ។

សម្តេច យ៉ន សេងយៀត មានសង្ឃដីកាថា អាស្រ័យដោយអាយុកាលនៃសំណង់ មហាកុដិនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងអស់រយៈកាលជាច្រើនឆ្នាំមកហើយ។ ដោយឃើញសភាពបែបនេះ លោក ចម ប្រសិទ្ធ និង លោកស្រី ទេព បុប្ផាប្រសិទ្ធ ព្រមជាមួយលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា និងលោកស្រី ជា សិរី និង ពុទ្ធបរិស័ទជាច្រើនទៀត មានសទ្ធាជ្រះថ្លា បានជួសជុលកែលម្អរឱ្យមានសភាពដូចដើមឡើងវិញ ជាដំណាក់កាលគិតពីឆ្នាំ ១៩៩០ ដល់២០២៥ ដោយចំណាថវិកាសរុបអស់ ១,០៣៦,៩៤៧.៨០ដុល្លារ ដើម្បីតម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា។
ក្នុងព្រះសុន្ទរកថាបានឱ្យដឹងទៀតថា ទីទៃក្រៅពីមហាកុដិនេះ វត្តឧណ្ហាលោម មានអគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្ស សាស្ត្រាស្លឹករឹតខ្មែរ កំពស់២ជាន់ កសាងឡើង នៅអំឡុងឆ្នាំ១៩២០ ដែលកាលណោះ ជាកុដិសម្រាប់ព្រះសង្ឃគង់នៅ។ អគារស្លឹករឹតនេះ ត្រូវបានប្រើប្រាស់ជាដំណាក់កាលៗគឺ៖ ១៖ ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ ប្រើប្រាស់ជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ២៖ ចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន ជាវិទ្យាស្ថានស្រាវជ្រាវ និងអភិក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលបានបង្កើតឡើងដោយលោក Olivier de Bernon ដែលបានដាក់ឱ្យដំណើរការចាប់តាំងពី ឆ្នាំ១៩៩០ ក្នុងគោលបំណង ដើម្បីអភិរក្ស និងប្រមូលសាស្ត្រាស្លឹករឹតខ្មែរនៅទូទាំងប្រទេស ដែលនៅសេសសល់ក្រោយពីសម័យសង្គ្រាម។

ចាប់ពីឆ្នាំ១៩៩១ ដល់ ១៩៩៨ វិទ្យាស្ថាន មានទីស្នាក់ការនៅក្នុងព្រះបរមរាជវាំង ដោយទទួលបានព្រះរាជូបបត្ថម្ភផ្ទាល់ ពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ រហូតដល់ឆ្នាំ១៩៩៨ ទើបវិទ្យាស្ថាន បានផ្លាស់ប្ដូរទីស្នាក់ការរបស់ខ្លួនមកកាន់វត្តឧណ្ណាលោម ក្រោមព្រះរាជូបត្ថម្ភសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហារាជ។ ក្រៅពីប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោក Olivier de Bernon វិទ្យាស្ថានក៏បានទទួលការឧបត្ថម្ភហិរញ្ញវត្ថុពីសាលាបារាំងចុងបូព៌ាប្រទេស ក្នុង១ឆ្នាំ ចំនួន១០ម៉ឺនដុល្លារ (រយៈពេល២២ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១២)។ នាពេលថ្មីៗនេះ មូលនិធីពុទ្ធសាសនាខ្មែរ របស់លោក Chris Larsen និង លោកស្រី Lyna Lam បានចំណាយថវិកា ១,០០០,០០០ដុល្លារ ដើម្បីថតសាស្រ្តទាំងអស់ទុកជាឯកសារឌីជីថល។
នៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានប្រមូលសាស្ត្រាស្លឹករឹតសរុបទាំងអស់ចំនួន ២៤,០១៩ខ្សែ ដោយមានសាស្ត្រាជាភាសាខ្មែរចំនួន ១៥,៦៦២ខ្សែ និងសាស្ត្រា ជាភាសាបាលីចំនួន ៨,៣៥៧ខ្សែ។

នៅក្នុងឆ្នាំ២០២៤ ដោយអគារស្លឹករឹតដ៏មានប្រយោជន៍នេះ មានសភាពពុកផុយ និងលិចស្ទើគ្រប់កន្លែងទាំងអស់ ដែលមិនអាចប្រើប្រាស់បន្តទៅទៀតបាន ទើបលោក ជា ចាន់តូ កាលលោកនៅមានជន្មាយុនៅឡើយ និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួសជុលអគារនេះ ឱ្យមានសភាពល្អឡើងវិញ ដោយចំណាថវិការអស់ចំនួន ៩៨,០០០ដុល្លារ។
ក្រៅពីការជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងអគារស្លឹករឹតនេះ ក្រុមគ្រួសាររបស់លោក ជា ចាន់ តូ និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងពុទ្ធបរិសទ្យ បានជួសជុលកុដិព្រះតេជគុណ គឹម តូ កុដិលេខ៣៩ កុដិបណ្ណាល័យ ដំបូលព្រះវិហារ សាងសង់ខឿនជុំវិញវត្តទាំងមូល និងជាវសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងវត្ត ដោយចំណាយថវិកាអស់ ១០៧,៧៥៥ដុល្លារ។

ចំពោះកិច្ចការជួសជុល និងសាងសង់នានានៅក្នុងវត្តឧណ្ណាលោម ក្រុមគ្រួសារលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកស្រី បានបរិច្ចាគថវិកាចំនួន ៥១១,៦៩២.០៨ដុល្លារ ដោយឡែកក្រុមគ្រួសារលោក បណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា បានបរិច្ចាគថវិកាចំនួន ៥២៥,២៥៥ដុល្លារ។ ថវិកាសរុប ដែលបានចំណាយសម្រាប់ជួលជុលសំណង់នានា និងដំណើរការវិទ្យាស្ថានស្លឹករឹតអស់ថវិកា ៤,២៣៦,៩៤៧.៨ដុល្លារ៕







អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ