ជំនួបប្រមុខទូតទាំងពីរ សហរដ្ឋអាមេរិកបង្ហាញជំហរចង់បានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង

ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថា សហរដ្ឋអាមេរិកចង់រក្សាទំនាក់ទំនងទំនុកចិត្តស្ថិរភាពជាមួយកូរ៉េខាងត្បូងដោយមិនគិតពីស្ថានភាពក្នុងស្រុករបស់ប្រទេសណាមួយនោះទេ។

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Rubio និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul បានជួបសន្ទនាមួយក្រៅកិច្ចប្រជុំសន្តិភាពនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធឆ្ពោះទៅរកគោលដៅនៃការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង និងសម្តែងក្តីព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះ ប្រមុខការទូតទាំងពីរបានឯកភាពសហការលើវិស័យថាមពល និងបច្ចេកវិទ្យាទំនើប ដូចជាការកសាងនាវា ថាមពលនុយក្លេអ៊ែរ និងឧស្ម័នធម្មជាតិរាវ (LNG)។

សេចក្តីថ្លែងការណ៍បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក Cho ដោះស្រាយបញ្ហាពន្ធរបស់សហរដ្ឋអាមេរិក តាមរយៈជំនួបនេះលោក Rubio បានអំពាវនាវឱ្យមានការពិគ្រោះយោបល់រវាងក្រសួងពាក់ព័ន្ធ។

មន្ត្រីម្នាក់មកពីក្រសួងការបរទេសបាននិយាយថា បញ្ហាពន្ធគយ គឺជាអ្វីដែលភាគីអាមេរិកបច្ចុប្បន្នកំពុងចាប់ផ្តើម និងពិនិត្យឡើងវិញ។ មន្រ្តីដដែលនិយាយបន្ថែមថា (ពួកគេ) រំពឹងថានឹងមានកិច្ចពិភាក្សាបន្តរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters